ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងបទបញ្ជាលេខ០១៣/២០២៤ ប.ជ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ 

0

 កំពង់ធំ÷ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើង និងផ្សព្វផ្សាយបទបញ្ជាលេខ០១៣/២០២៤ ប.ជ ស្ដីពីការចាត់តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិនៅទូទាំងប្រទេស របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។

លោកវរសេនីយ៍ទោ នួន គឹមអាង នាយផ្នែកលេខាធិការដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានបទបញ្ជាលេខ០១៣/២០២៤ ប.ជ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដោយបានគូសបញ្ជាក់ថា មេបញ្ជាការគ្រប់ស្ថាប័ន ត្រូវចាត់តាំងកម្លាំងសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ព្រមទាំងអាជ្ញាធរដែនដី និងជាមួយកម្លាំងសមត្ថកិច្ចនានា ដើម្បីចូលរួមថែរក្សាការពារអភិរក្សព្រៃធនធានធម្មជាតិនៅទូទាំងប្រទេស ហើយជាមួយនោះដែរកងកម្លាំងទាំងអស់ ដែលមានភារកិច្ចចូលរួមសហការត្រូវប្រកាន់ខ្ជាប់នូវវិន័យរបស់កងយោធពលខេមរភូមិន្ទ ដោយមិនចូលរួមប្រព្រឹត្តបទល្មើសខុសច្បាប់ឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួននៅលើឆាកអន្តរជាតិ ពិសេសបញ្ហា   សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ បញ្ហាការប្រើប្រាស់អាវុធដាក់គ្នារវាងអ៊ីរ៉ង់និងអ៊ីស្រាអែល និងផលប៉ះពាល់មួយចំនួន ដែលអាចកើតមានឡើងដោយសារសង្គ្រាម។ ហើយនៅក្នុងឱកាសនេះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានថ្លែងអំណរគុណចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសហការល្អជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាជន នៅគ្រប់មូលដ្ឋាននានាក្នុងខេត្តកំពង់ធំ បានសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលកន្លងមកនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវចូលរួមក្នុងផែនការជាក់ស្ដែង របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងផែនការរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលអនុម័ត ដោយឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ ក្នុងការអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងការប្រើប្រាស់កម្លាំងសរុប វិធានការសរុប ការពារ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ៕