ឧត្តមសេនីយ៍ទោ សោម ស៊ុន ជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត 

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញទៅសំណេះសំណាលសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន  នឹងបាននាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ ទៅឧបត្ថម្ភជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដែលរស់នៅជិតទីតាំងបន្ទាយ មានជីវភាពលំបាកខ្វះខាត  ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ ថនស៊ី  សក្តា   មេបញ្ជាការកងវរសេនាតូចលេខ១ បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅ  និង​បាន​បញ្ជាក់​អំពី​ការប្រើប្រាស់កម្លាំងសហការក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលកន្លងទៅ និងបានរៀបចំត្រៀមបម្រុងកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ សម្រាប់អន្តរាគមន៍ដោះស្រាយសភាពការណ៍ផ្សេងៗ តាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះនាយទាហាន​នាយទាហានរង និងពលទាហានទាំងអស់នៃកងវរសេនាតូចលេខ១ ដែលបានខិតខំបំពេញភារកិច្ច នឹងត្រៀមបម្រុងកម្លាំងគ្រប់គ្រាន់ តាមបទបញ្ជា ក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាព   ជូនប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលកន្លងមកថ្មីៗនេះ បានយ៉ាងល្អប្រសើរ  ហើយ​ បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបន្តការចូលរួមសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដីក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ក្នុងភូមិសាស្ត្រ ដែលអង្គភាពទទួលខុសត្រូវ​។ ជាមួយ​នេះ​ដែរ​ នៅ​រៀងរាល់សប្តាហ៍ត្រូវបន្តហ្វឹកហ្វឺនរៀនសូត្របំប៉ន ពង្រឹងកងកម្លាំងដោយម្ចាស់ការ ព្រមទាំងចូលរួមអនុវត្តនូវខ្លឹមសារចលនាប្រឡងប្រណាំងទាំង៥​ដែលថ្នាក់លើបានដាក់ចេញ ក្នុងនោះ ត្រូវយកចិត្តទុកដាក់ក្នុងការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ពិសេស​ត្រូវយកចិត្តទុកដាក់ក្នុងចលនាប្រឡងបង្កបង្កើនផលចិញ្ចឹមសត្វ លើកស្ទួយជីវភាពរស់នៅរបស់កងទ័ពឲ្យបានល្អប្រសើរ។

នៅ​ក្នុង​ឱកាស​នេះ​ ឧត្តមសេនីយ៍​ទោ​សោម​ ស៊ុន​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដែលរស់នៅជុំវិញទីតាំងបន្ទាយ ដែលមានជីវភាពលំបាកខ្វះខាតចំនួន២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ