មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និមន្តព្រះសង្ឃ ៥អង្គ ធ្វើពិធីសាសនាសុំពរជ័យ សិរីសួស្តី ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន !

0

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា និងលោកជំទាវ បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន និមន្តព្រះសង្ឃ ៥អង្គ ធ្វើពិធីសាសនា សូត្រមន្ត ជ័យន្តោ ប្រោះព្រំ សុំសិរីសួស្តី មង្គលវិបុលសុខ ចម្រុងចម្រើន រុងរឿង ឆ្លងផុតគ្រោះកាចនានា ជូនដល់កងទ័ព និងក្រុមគ្រួសារ ទាំងអស់ ក្នុងឱកាសឆ្នាំថ្មីនេះ។

ពិធីសាសនានេះ បានប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។

នៅក្នុងឱកាស នៃការប្រារព្ធពិធីសាសនានោះទៀត លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានធ្វើពិធីរាប់បាត្រ និងប័ង្សុកូល ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនដល់បុព្វការីជន និងអតីតយុទ្ធជន ដែលបានពលីជីវិតនៅក្នុងសមរភូមិ នាសម័យសង្គ្រាម និងក្រោយបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ផងដែរ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង រំលឹកពីគុណបំណាច់របស់អតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ បូជាជីវិត នៅក្នុងភ្នក់ភ្លើងសង្គ្រាម ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិ ទទួលបានការអភិវឌ្ឍ ពិសេសសុខសន្តិភាពយ៉ាងពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ,ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ,ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា៕ដោយ៖ឡុង សំបូរ