ខេត្តស្ទឹងត្រែង៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៩) នៃក្រសួងមហាផ្ទៃ បើកកិច្ចសហការរួមគ្នា ជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៧០១ ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ (២៧-២៨មេសា២០២៤) បានបើកប្រតិបត្តិការចុះបង្ក្រាបអំពើជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ចាប់ខ្លួនជនសង្ស័យ ៥នាក់ និងរឹបអូសគ្រឿងញៀនជាច្រើនប្រភេទ មានទម្ងន់ប្រមាណជាង ២០០គីឡូក្រាម នៅចំណុចអូរដួង ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ប្រភពព័ត៌មានដកស្រង់ពីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូន និងការរក្សាទុកគ្រឿងញៀនឆ្លងដែនខុសច្បាប់ ក្នុងរយៈពេលពីរថ្ងៃ (២៧-២៨មេសា២០២៤) កន្លងមកនេះ កម្លាំងសមត្ថកិច្ចបានបើកការស៊ើបអង្កេតលើករណីនេះអស់ពេលជាយូរ ទើបឈានដល់ការកំណត់បាននូវមុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យជាបុរស ៥នាក់ គឺ១. ឈ្មោះ ដា ទុន អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិក្រោម ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ,២.ឈ្មោះ ភីត ឃីត អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ,៣.ឈ្មោះ សោន គាំង អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ,៤.ឈ្មោះ កែវ ដាំមន្នី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ និង ៥.ឈ្មោះ សោន ណែត អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យទាំង ៣នាក់ មានទីលំនៅបច្ចុប្បន្ន ភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
កម្លាំងសមត្ថកិច្ច បានចាប់យកវត្ថុតាងគ្រឿងញៀនច្រើនប្រភេទ ដែលមានទម្ងន់សរុប ២០២,៦៨២.៩២ក្រាម ក្នុងនោះ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន មានទម្ងន់ ១៦៩,៦៩៨.២៦ក្រាម ,គ្រឿងញៀនប្រភេទហេរ៉ូអ៊ិនទម្ងន់ ២០,៩៩២.៨ក្រាម ,គ្រឿងញៀនប្រភេទ MDMA ទម្ងន់ ១១,៩៩១.៨៦ក្រាម ,សារធាតុមិនច្បាស់មានទម្ងន់សរុប ៣៧,២១៧.៩២ក្រាម ,ម្សៅពណ៌លឿងទម្ងន់ ១,០៨២.៤២ក្រាម ,ជ័រពណ៌ត្នោតទម្ងន់ ១៤៦.១២ក្រាម ,ម្សៅក្រាមពណ៌សមានសញ្ញាសម្គាល់ ៩៩៩ មានទម្ងន់ ១១,៩៥៧.៨៨ក្រាម ,ថ្នាំគ្រាប់ពណ៌ទឹកក្រូច មានទម្ងន់ ១៩,០៣៥.៤ក្រាម និងម្សៅពណ៌ទឹកដោះគោ មានទម្ងន់ ៤,៩៩៦.១ក្រាម។
ជាលទ្ធផលវត្ថុតាងគ្រឿងញៀន និងសារធាតុមិនច្បាស់ ដែលដកហូតបាន មានទម្ងន់សរុប ២៣៩,៩០០.៨៤ក្រាម។ ក្រៅពីវត្ថុតាងគ្រឿងញៀន សមត្ថកិច្ចជំនាញបានដកហូត រថយន្ត ម៉ាក់សាំយ៉ុង ពណ៌សំបកឪឡឹក ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២T-៩៣៣០ ,ទូរស័ព្ទ ៩គ្រឿង ,កាំភ្លើងវ៉ាន់ដឺឡុង ២ដើម គ្រាប់ ១១គ្រាប់ ,កាំភ្លើងខ្លី ម៉ាក Micro9 RAPIDE លេខTB 0077797 ចំនួន ០១ដើម និងគ្រាប់ ១៣គ្រាប់ ,លុយបាត ៨៨,២០០បាត ,លុយខ្មែរ ១,៩៥៩,៥០០៛ ,លុយដុល្លារ ១៥១១ដុល្លារ ,លោហធាតុពណ៌លឿងប្រភេទជាចិញ្ជៀន ០១ វង់ ,លោហធាតុពណ៌លឿងជាប្រភេទខ្សែក ០១ខ្សែ និងបន្តោងស្រោបលោហធាតុចំនួន០១ ផងដែរ។
ខណៈនេះ បុរសដែលជាជនសង្ស័យជួញដូរគ្រឿងញៀនឆ្លងដែនទាំង ៥នាក់ រួមទាំងវត្ថុតាងបទល្មើសខាងលើ កំពុងស្ថិតក្រោមការរក្សាទុក ស៊ើបសួរ និងកសាងសំណុំរឿង ដើម្បីទៅកាន់អយ្យការ និងសាលាដំបូងខេត្តស្ទឹងត្រែង ពីកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែង៕ដោយ៖ ឡុង សំបូរ