ផ្ទះប្រជាពលរដ្ឋជាង ១០ខ្នង នៅក្នុងក្រុងព្រះវិហារ បានរងការខូចខាតដោយខ្យល់កន្ត្រាក់ លាយឡំជាមួយនឹងការធ្លាក់ភ្លៀងមួយមេ នារដូវប្រាំងរីងស្ងួតហួតហែងនេះ!

0

ខេត្តព្រះវិហារ៖ ភ្លៀងបានធ្លាក់ចុះមកមួយមេ ដោយលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋ ១២ខ្នង និងតូបលក់ដូរ ២ខ្នង បានរងការរបើកដំបូលខូចខាតធ្ងន់ និងស្រាល ដើមឈើជាង១០ដើម បង្គោលភ្លើងសូឡា បានដួលរលំកាត់ផ្លូវ អាជ្ញាធរមានសមត្ថកិច្ច បានប្រញ៉ាប់ចាត់វិធានការចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីហេតុការណ៍ខ្យល់កន្ត្រាក់ នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់កំពង់ប្រណាក និងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានប្រាប់ឱ្យដឹងថា  ពិតជាមានករណីភ្លៀងធ្លាក់ លាយឡំជាមួយនឹងខ្យល់កន្រ្តាក់ បានបណ្ដាលឲ្យខូចខាតផ្ទះសំបែងប្រជាពលរដ្ឋ ១២ខ្នង តូបលក់ដូរ២ បង្គោលភ្លើងសូឡា និងដើមឈើមួយចំនួន បានរងការខូចខាត និងដួលរលំ។ លោកថា នៅក្នុងសង្កាត់ប៉ាលហាល មានផ្ទះប្រជាពលរដ្ឋ ១១ខ្នងដែលរងការរបើកដំបូលធ្ងន់ និងស្រាល ក្នុងនោះ នៅភូមិភារកិច្ច ៥ខ្នង បានរងផលប៉ះពាល់តិចតួច និង ៦ខ្នងផ្ទះទៀត បានរងផលប៉ះពាល់ខ្លាំង បង្គោលភ្លើងសូឡា១ដើម និងដើមឈើ ១៧ដើម បានរងការដួលរលំ ។ ចំណែក នៅសង្កាត់កំពង់ប្រណាក ស្ថិតក្នុងភូមិគោកបេង មានផ្ទះ ១ងខ្នងរងផលប៉ះពាល់ខ្លាំង និងតូបលក់ដូរ ២តូប ស្ថិតក្នុងភូមិអណ្តូងពោធិ៍ បានរងផលប៉ះពាល់តិចតួច ផងដែរ។

លោកអភិបាលក្រុងព្រះវិហារ បានបញ្ជាក់ថា ផ្ទះសម្តែងប្រជាពលរដ្ឋដែលរងការខូចខាតធ្ងន់ និងស្រាលទាំង ២សង្កាត់ គឺសង្កាត់ប៉ាលហាល និងសង្កាត់កំពង់ប្រណាក មានចំនួនសរុប ១២ខ្នងផ្ទះ តូប ២ ,បង្គោលភ្លើងសូឡា ១ដើម និងដើមឈើ ១៧ដើម។ ហើយក្រោយហេតុការខ្យល់កន្ត្រាក់នោះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធរបស់ក្រុងព្រះវិហារ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋភ្លាមៗ ផងដែរ។

ដោយឡែក ដើមឈើដែលបានដួលរលំកាត់ផ្លូវ នៅក្នុងថ្ងៃដដែលនោះ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានរុះរាន់ចុះកាត់ដើមឈើ ៣ដើម ដែលត្រូវខ្យល់កន្ត្រាក់ បោកបក់ដួលរលំមកលើកំណាត់ផ្លូវជាតិលេខ៦២ ចាប់ពីចន្លោះគីឡូម៉ែត្រលេខ១២៤+៥០០ ដល់គីឡូម៉ែត្រលេខ១២៦+០០០ ធ្វើការរុះរើចេញពីទ្រូងផ្លូវ ដើម្បីសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរជិត ឆ្ងាយ នៅលើដងផ្លូវនោះ បានរួចរាល់ហើយដែរ៕ដោយ៖ឡុង សំបូរ