គ្រោះថ្នាក់​ចរាចរណ៍​ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​បង្ក​ឲ្យ​ ​មនុស្ស​ស្លាប់​ច្រើនជាង​ថ្ងៃ​ធម្មតា​

0

​​ ​ដោយ​៖ សម្បត្តិ​ពេជ្រ​  ជា​រៀងរាល់ឆ្នាំ​ប្រទេស​កម្ពុជា​តែងតែ​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែលជា​ប្រពៃណី​របស់​ជាតិខ្មែរ ហើយ​ជាទូទៅ​ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ គឺ​ទី​២២-២៣-២៤ ខែកញ្ញា​។ មុនពេល​ថ្ងៃ​ភ្ជុំបិណ្ឌ​មកដល់ ប្រជាពលរដ្ឋ​ស្ទើរតែ​ទាំងអស់ បាននាំគ្នា​ធ្វើដំណើរ​ចាក​ចេញពី​លំនៅដ្ឋាន ឆ្ពោះទៅកាន់​ស្រុកកំណើត​រៀងៗ​ខ្លួន ដើម្បី​ជួបជុំ​សាច់ញាតិ​បងប្អូន​ផឹកស៊ី​សប្បាយ ក្នុងពេល​ធ្វើបុណ្យ​រួមគ្នា​។accident
​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​ទីក្រុង​ទៅកាន់​ទីជនបទ​ដោយ​រថយន្តឈ្នួល រឺ​រថយន្ត​តាក់ស៊ី ដែល​ផ្ទុក​មនុស្ស​ច្រើន​ណែន​ណាប់​លើស​ចំណុះ បានធ្វើ​ឲ្យ​អ្នកដំណើរ​ក្នុង​រថយន្ត​ដកដង្ហើម​មិន​ចង់​រួច ដែល​នេះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផា​សុភាព​អ្នកធ្វើដំណើរ​។ ដោយឡែក​អ្នកបើកបរ​ម៉ូតូ​ជាមួយនិង​អ្នករួមដំណើរ គេ​សង្កេតឃើញថា ស្ទើរតែ​៩០% មិនបាន​ពាក់មួក​សុវត្ថិភាព ដែល​កត្តា​ខាងលើនេះ គឺជា​ដើមហេតុ​ធ្វេសប្រហែស​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស និង​រងរបួស​ជាច្រើន​នាក់​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ ដែល​នេះ​ខុសគ្នា​ពីថ្ងៃ​ធម្មតា​ទ្វេដង​។
​ថ្លែងប្រាប់​តាម​ប្រព​ន្ធ័​ទូរ​សព្ទ័​ជាមួយនិង​គេហទំព័រ​របស់ ABC nonstop លោក​វរសេនីយ៍ឯក សុខ ណុប អនុប្រធាននាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា មនុស្ស​ស្លាប់​និង​រងរបួស​ច្រើន​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​នៅពេលដែល​ប្រទេស​កម្ពុ​ជាមាន​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​ប្រពៃណីជាតិ រឺ​ពិធីបុណ្យ​ផ្សេងៗ ដូចជា​សិទ្ធ​នារី បុណ្យ​សកល និង​ទិវា​សំខាន់ៗ​មួយចំនួនទៀត​ផងដែ​រ ដោយឡែក​សម្រាប់​ថ្ងៃ​ធម្មតា​វិញ បើ​គិត​ជា មធ្យម​ក្នុង​ថ្ងៃ​យ៉ាងហោចណាស់​មាន​មនុស្ស​ស្លាប់​៦​នាក់​ប៉ុណ្ណោះ និង​រងរបួស​ប្រមាណ​ជាង​២០​នាក់​។3350345623_0df4a0ff78_z

លោក​បន្តថា នៅពេល​មាន​ពិធីបុណ្យ​ប្រពៃណីជាតិ​ទាំង​ភ្ជុំបិណ្ឌ អ៊ុំ​ទូក និង​ចូលឆ្នាំ​ក្តី ច​រិ​ក​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ជួបជុំគ្នា ដើរលេង​សប្បាយ​រួច​នាំគ្នា​ផឹកស្រា​រហូតដល់ ស្រវឹង​ជោគ​ខ្លួន​។ លុះដល់​ពេល​ពិធី​ផឹកស៊ី​បានបញ្ចប់ ពួកគេ​ក៏​នាំគ្នា​ធ្វើដំណើរ​តាម​រថយន្ត រឺ​អ្នកខ្លះ​ជិះ​ម៉ូត​ត្រឡប់ទៅផ្ទះ​រៀងៗ​ខ្លួន​វិញ​។ ដោយសារតែ​ការផឹកស៊ី​ស្រវឹង​ហើយ​ធ្វើការ​បើកបរ​ខ្វះ​ស្មារតី​ប្រុង​ប្រ​យ​ត្ន័​ផង​នោះ​ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​។​អ្នក​ខ្លះទៀត​បើកបរ​មិន​គោរព​ច្បាប់​ក្នុងពេល​បើកបរ​គឺ​ចង់​ជែង​គ្នា​យកឈ្នះ​ចាញ់ គ្មាន​ការយល់​យោគ​និង​អត់អោន ដែល​កត្តា​នេះ​ជាហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​។​
​ជា​រៀងរាល់ឆ្នាំ​នៅពេល​មាន​ពិធីបុណ្យ​ទាន​ម្តងៗ គេ​តែង​សង្កេត​នៅតាម​ផ្លូវ​មានការ​កកស្ទះ​ស្ទើរ​គ្រប់​ទីកន្លែង ដែល​នេះ​មិនមែន​ត្រឹមតែ​បង្ក​ឲ្យ​អ្នកបើកបរ និង​អ្នករួមដំណើរ​ជួបប្រទះ​និង​គ្រោះថ្នាក់​ចរាចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​បណ្តាល​ឲ្យ​ភាគី​ម្ខាង​ទៀត​រងគ្រោះថ្នាក់​ជាមួយ​ផងដែរ​។ ភាគច្រើន​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ស្ថិតក្នុង​វ័យ​ចន្លោះ​ពី​១៨​ដល់​៣០​ឆ្នាំ ដែល​កត្តា​នេះ គឺ​ក្ដី​ព្រួយបារម្ភ​មួយ​ចំពោះ​រាជរដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ​និង​ប្រជាពលរដ្ឋ​។
​ ​ដៃ​កាន់ចង្កូត ភ្នែក​សំលឹង​ទៅមុខ ក្នុង​ស្មារតី​បើកបរ​ដោយ​កាយវិការ​ប្រុង​ប្រ​យ​ត្ន័​នៅលើ​ផ្លូវជាតិ​លេខ​១ ដោយ​ធ្វើដំណើរ​ចេញពី​ភ្នំពេញ​ឆ្ពោះទៅកាន់​ខេត្តស្វាយរៀង លោក​ម៉ៅ មោង អ្នកបើករថយន្ត​ឈ្នួល​ប្រភេទ​តូ​រី​មួយគ្រឿង​បាន​និយាយប្រាប់​ឲ្យ​ដឹងថា លោក​ពិតជា​ដឹង​ច្បាស់​ថា ការផ្ទុក​មនុស្ស​លើស​ចំណុះ​អាចជា​មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង ប៉ុន្តែ​ដើម្បី​ការ​ចំណេញ​ខ្ពស់ លោក​ត្រូវតែ​បង្ខំ​ដាក់​មនុ​ស្សញុក​ណែន​រហូតដល់​៣២​នាក់ ក្នុង​រថយន្ត​តូ​រី​ស​មួយគ្រឿង​នេះ​។

លោក​បញ្ជាក់ថា​៖«​អ្នកភូមិ​​ដែល​ជិះ​លើ​ឡាន​ខ្ញុំ គេ​សុខចិត្ត​ឲ្យ​ខ្ញុំ​ដាក់​មនុស្ស​ច្រើន​ចឹ​ង​ដែរ ព្រោះ​អ្នកធ្វើដំណើរ​សុទ្ធតែ​ស្គាល់គ្នា​និង​ជា​មិត្ត​ភ​ក្ត័​នៅក្បែរ​ផ្ទះ​គ្នា​ទៀត ហើយ​ក្រៅពី​ឡាន​ខ្ញុំគេ​មិន​ជិះ​ទេ​»​។ លោក​បន្តថា អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​គឺ​ត្រូវ​ចំណាយលុយ​សម្រាប់​ធ្វើដំណើ​រ​ចំនួន​៣​ម៉ឺន​រៀល​ក្នុង​ម្នាក់ ដែល​ថ្ងៃ​ធម្មតា​គឺ​ត្រឹមតែ​២​ម៉ឺន​រៀល​។ ទោះបី​មានការ​ឡើងថ្លៃ​បែបនេះ​ក៏ដោយ​ពួកគេ​នៅតែ​ជិះ​ប្រជ្រៀត​គ្នា ដើម្បី​បាន​ទៅដល់​ស្រុកកំណើត​ជួបជុំ​បងប្អូន​ដែរ​។

លោក​ថា​៖«​ពេល​រត់​ឡាន​ឈ្នួល​ក្នុងពេល​ភ្ជុំបិណ្ឌ ខ្ញុំ​បើកបរ​តែ​ពេលយប់​ប៉ុណ្ណោះ​ព្រោះ​ដើម្បី​ជៀសផុត​ពី​ការកកស្ទះ រឺ​ឯ​អ្នកជិះ​ក៏​យល់ព្រម​ធ្វើដំណើរ​នៅពេល​យប់​ដែរ​។ ខ្ញុំ​ដឹងថា ការផ្ទុក​មនុស្ស​ច្រើន​និង​ការបើកបរ​នៅពេល​យប់​ងាយ​ទទួលរង​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ដូច្នេះ​ដើម្បី​ជីវភាព​គ្រួសារ ខ្ញុំ​ត្រូវតែ​ធ្វើបែបនេះ​»​។​​ដោយឡែក​យុវជន ជា ច​ន្នី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នកបើកបរ​ឌុប​ប្អូនស្រី​ពីរ​នាក់ ដែលមាន​អាយុ​១៧​ឆ្នាំ​ម្នាក់ និង​១៨​ឆ្នាំ​ម្នាក់ទៀត​ជិះ​ប្រជ្រៀត​គ្នា បើក​យ៉ាង​លឿន​ដោយ​គ្មាន​មួកសុវត្ថិភាព​ទាំងបី​នាក់​។

យុវជន​បាន​និយាយថា​៖«​ខ្ញុំ​និង​ប្អូនស្រី​បាននាំគ្នា​ទៅ​ស្រុក​កំពង់ត្របែក នៃ​ខេត្តព្រៃវែង ដើម្បី​ជួប​ម្តាយ​និង​លោក​ពុក​នៅពេល​បុណ្យ​ភ្ជុំបិណ្ឌ​។ ខ្ញុំ​អត់​ពាក់មួក​សុវត្ថិភាព​គឺ​ដោយសារតែ​ពេល​បុណ្យ​ភ្ជុំ​គ្មាន ប៉ូលីស​ចរាចរណ៍​នៅ​យាម​តាម​គោលដៅ ម្យ៉ាង​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថប់ និង​ខូច​ម៉ូត​សក់ ដែល​ខំ​ធ្វើ តាំងពី​នៅផ្ទះ​ជួល​»​។ យុវជន​បញ្ជាក់ថា ពេល​ត្រឡប់​ទៅ​រៀន​នៅ​ទីក្រុង​វិញ ច​ន្នី​និង​ពាក់មួក​សុវត្ថិភាព ដោយហេតុថា មិន​ចង់​មាន​បញ្ហា​ឈ្លោះ​ជាមួយនិង​ប៉ូលីស​នគរបាល​។​
​ ​បើតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ រយៈពេល​៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២០-២៤ ខែកញ្ញា ឆ្នាំ​២០១៤ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស បានកើត​ឡើង​១៣៧​លើក និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤៩​នាក់ ក្នុងនោះ​អ្នករងរបួស​ធ្ងន់​ស្រាល​៣០៥​នាក់​។ ចំនួន​នេះ​បើ​ធ្វើការ​ប្រៀបធៀប​និង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៣​កន្លងទៅ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​ចំនួន​៥៣​លើក​ស្មើនឹង​៦៣% ក្នុងនោះ​ស្លាប់​កើនឡើង​២១​នាក់​ស្មើនឹង​៧៥% រងរបួស​សរុប​កើនឡើង​៧៨​នាក់ ស្មើនឹង​៣៥%​។​
​មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​គឺ​ល្មើស​ល្បឿន​គឺជា​បញ្ហា​ចំបង​ដែលមាន​រហូតដល់​ទៅ​៥៩​លើក មិន​គោរព​សិទ្ធ​អាទិភាព​១៤​លើក មិន​ប្រកាន់​ស្ដាំ​១៣​លើក ការបើកបរ​ប្រជែង​គ្រោះថ្នាក់​១៥​លើក ការ​ស្រវឹង​១៦​លើក​បត់​គ្រោះថ្នាក់​១០​លើក​បញ្ហា​ងងុយដេក​៣​លើក​និង​កត្តា​ផ្សេងៗ​៧​លើក​។​គួរ​កត់សម្គាល់ថា ខេត្ត​ដែលមាន​គ្រោះថ្នាក់​និង​រងគ្រោះ​ច្រើន​រួមមាន​៖ ខេត្តពោធិសាត់ កណ្ដាល ព្រៃវែង និង​កំពង់ធំ​។ ក្នុងនោះ​គ្រោះ​ថ្នាក់លើ​ផ្លូវជាតិ​៦៣% គ្រោះ​ថ្នាក់លើ​ផ្លូវលំ​២២% គ្រោះ ថ្នាក់​លើផ្លូវ​រាជធានី​-​ខេត្ត​៧%​។
​កន្លងមកនេះ អ្នកតស៊ូ​មតិ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​សង្កេតឃើញ​ការ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​នាពេល​សព្វថ្ងៃនេះ មានការ​ថយចុះ​មុន​អំឡុងពេល​បោះឆ្នោត រហូតមកដល់​បច្ចុប្បន្ន ដែល​កត្តា​នេះ បានធ្វើ​ឲ្យ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់ និង​ការរង​របួស​បាន​កើន​ឡើងជា​បន្តបន្ទាប់ ពិសេស​អ្នកធ្វើដំណើរ​តាម​យានយន្ត មានការ​ថយចុះ​នូវ​ការមិន​ពាក់មួក​សុវត្ថិភាព​ជាដើម​។​​បើតាម​លោក​គង់ សុវណ្ណ ប្រធាន​អង្គការ​ដៃគូរ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សកល បាន​ឲ្យ​ដឹងថា លោក​ចង់ឃើញ​ការ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មានការ​កើនឡើង​វិញ ជាពិសេស​ការ​រឹតបណ្តឹង​លើ​ការពាក់​មួកសុវត្ថិភាព និង​ការផឹក​គ្រឿង​ស្រវឹង​នៅពេល​យប់ ដូច្នេះ​លោក​សូម​ស្នើ​ដល់​សមត្ថកិច្ច​ចរាចរណ៍ មេត្តា​ចុះ​ពង្រឹង​ការអនុវត្ត​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​ឡើងវិញ ដោយ​ការអនុវត្ត​ត្រូវមាន​លក្ខណៈ​ទូលំទូលាយ​និង​សុ​ក្រិត​ភាព​ផងដែរ​។
​បើតាម​លោក មួ សុខ​ឃឿន មន្ត្រី​គម្រោង​អប់រំ​និង​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍ អង្គការ​ជនពិការ​អន្តរជាតិ​បាន​បញ្ជាក់ដែរថា បើតាម​ការសង្កេត​រប​ស់លោក​ផ្ទាល់​ការខកខាន​មិនបាន​ចុះ​ត្រួតពិនិត្យ​ការ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍ នៅតាម​គោលដៅ​ជាច្រើន​កន្លែង​នៅ​រាជធានី​ភ្នំពេញ ចាប់​តាំង​មុនពេល​បោះឆ្នោត​មក​ម្លេះ ដែល​កត្តា​នេះ គឺអាច​បណ្តាលមកពី​ប្រព​ន្ធ័​គ្រប់គ្រង​និង​ការបែងចែក​តួនាទី​កម្លាំង​សមត្ថកិច្ច​មិនបាន​ច្បាស់លាស់ កម្លាំង​សមត្ថកិច្ច​បាន​ចល័ត​ពី​កន្លែង​មួយ​ទៅមួយ​ទៀត​ជាដើម​។accident
​បើតាម​របាយការណ៍​ស្រាវជ្រាវ​របស់លោក​ជោរ វី បឺ អ្នកស្រាវជ្រាវ​របួស​ផ្នែក​អន្តរជាតិ​នៃ​សកលវិទ្យា​ល័យ John Hopkins បាន​ឲ្យ​ដឹងថា លោក​បានធ្វើ​ការអង្កេត​ស្រាវជ្រាវ​ទៅលើ​ករណី​អ្នក​មិន​ពាក់មួក​សុវត្ថិភាព នៅក្នុង​តំបន់​ចំនួន​៥ គិត​ចាប់ពី​ខែមករា​ឆ្នាំ​២០១១ រហូតដល់​ខែ​មិនា​ឆ្នាំ​២០១៤ គឺ​ភ្នំពេញ​មាន​អត្រា​អ្នក​មិន​ពាក់មួក​ថយចុះ​ពី​៧៨​ទៅ​៦៥% កណ្តាល​ធ្លាក់ចុះ​ពី​៦៤​ទៅ​៥៨% កំពង់ស្ពឺ​ធ្លាក់ចុះ​៤០​ទៅ​៣៨% សៀមរាប​ពី​៨០​ទៅ​៥៥% និង​កំពង់ចាម ពី​២៥​ចុះទៅ​២៣%​។
​ជាមួយ​ផងដែរ​ក្រុម​អ្នកតស៊ូ​មតិ និង​អង្គការ​សង្គម​ស៊ីវិល​បាន​កំពុង​ស្វែងរក​ការគាំទ្រ​មតិ ដើម្បី​ជម្រុញ​ឲ្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​កំពុង​នៅក្នុង​រដ្ឋសភាជាតិ​ឆាប់​ត្រូវបាន​រដ្ឋាភិបាល​ឆាប់​គិតគូរ​និង អនុម័ត ក្នុងទិសដៅ​ចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយ​ចរាចរណ៍​។ ជាមួយគ្នា​ផងដែរ​លោក​សុខ ណុប ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​យុវវ័យ ឲ្យ​បើកបរ​តាម​ដងផ្លូវ​ប្រកបដោយ​ស្មារតី​ប្រុងប្រយ័ត្ន ទទួលខុសត្រូវ យោគយល់​អធ្យាស្រ័យ​គ្នា​ទៅវិញ​ទៅ​ឋ​មក និង​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​រួមគ្នា​កាត់បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​៕
​ ​ដោយ​៖ សម្បត្តិ​ពេជ្រ​