អភិបាលក្រុងព្រះវិហារ ដឹកនាំក្រុមការងារមនុស្សធម៌ នាំយកអំណោយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ !

0

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៧គ្រួសារ នៅក្នុងសង្កាត់ពីរ នៃក្រុងព្រះវិហារ ទទួលបានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្រុង ក្រោយជួបឧបទ្ទវហេតុខ្យល់កន្ត្រាក់បំប៉ើងដំបូលផ្ទះ ដោយលាយឡំជាមួយភ្លៀងកក់ខែមួយធំ ដែលជាការធ្លាក់ភ្លៀងលើកដំបូងបង្អស់ នៅក្នុងរដូវប្រាំងដែលបានអូសបន្លាយដ៏វែងនេះ។

ដោយមើលឃើញពីការរងទុក្ខលំបាក របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គ្រាដែលវិបត្តិសេដ្ឋកិច្ចជាសកល កំពុងរងនូវការស្រុតចុះយ៉ាងគំហុកនោះ និងស្របពេលដែលគ្រោះធម្មជាតិ បានយាយីគ្របដណ្តប់មកលើលំនៅដ្ឋានប្រជាពលរដ្ឋ ក៏ដូចនឹងការចង់ដោះទុក្ខលំបាកប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានមួយគ្រាផងនោះ នៅរសៀលថ្ងៃទី២៩មេសា២០២៤ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះវិហារ ដឹកនាំដោយ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ និងលោក នូ តារាមុន្នី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមក្រុងព្រះវិហារ បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ផ្តល់ជូនគ្រួសារដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ៧គ្រួសារ ស្ថិតនៅក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ៦គ្រួសារ និង នៅក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ១គ្រួសារ ដែលរងផលប៉ះពាល់ធ្ងន់ពីខ្យល់កន្ត្រាក់ ដោយក្នុង ១គ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១យួរ, តង់១ និងទឹកស៊ីអ៊ីវ១យួរ ផងដែរ។

អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះគ្រោះធម្មជាតិដែលតែងកើតឡើងជាយថាហេតុ ហើយប្រសិនបើមានហេតុការណ៍នេះកើតឡើង ត្រូវរាយការណ៍ជូនសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ងាយស្រួលចុះអន្តរាគមន៍បានទាន់ពេលវេលា ។

គួរបញ្ជាក់ថា សង្កាត់ពីរ គឺ សង្កាត់ប៉ាលហាល និងសង្កាត់កំពង់ប្រណាក នៅក្នុងក្រុងព្រះវិហារ កាលពីយប់ថ្ងៃទី២៨មេសា២០២៤ បានរងនូវការគ្រប់ដណ្តប់ទៅដោយទឹកភ្លៀង និងខ្យល់កន្ត្រាក់ បង្កឱ្យលំនៅដ្ឋានប្រជាពលរដ្ឋ ១២ខ្នងផ្ទះ របើកដំបូល រងផលប៉ះពាល់ធ្ងន់ ៧ខ្នងផ្ទះ ៥ខ្នងផ្ទះ និងតូបលក់ដូរ២ រងផលប៉ះពាល់ស្រាល បង្គោលភ្លើងសូឡា និងដើមឈើ ១៧ដើម បានរងនូវការដួលរលំ។

ស្របពេលជាមួយគ្នានោះ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានប្រញ៉ាប់ចុះអន្តរាគមន៍ ជួយដល់ប្រជាពលរដ្ឋ ប្រក់ដំបូលផ្ទះ ដាំបង្គោលភ្លើង ដាំដើមឈើលំអរក្រុង និងកាត់រើមែកឈើចេញពីទ្រូងផ្លូវ ដើម្បីជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋបានរួចរាល់ភ្លាមៗ ផងដែរ៕ដោយ៖ឡុង សំបូរ