ក្រុមការងារអនុវត្តប្រតិបត្តិការពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះប្រតិបត្តិការដកហូតដីព្រៃ ដែលរងការកាប់ទន្ទ្រានយ៉ាងអនាធិបតេយ្យប្រមាណ ៧ពាន់ហិចតា នៅក្នុងខេត្តស្ទឹងត្រែង យកមកទុកជាសម្បត្តិរដ្ឋវិញ !

0

ខេត្តស្ទឹងត្រែង៖ នាយករងខុទ្ទកាល័យ  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារអន្តរាគមន៍ពិសេស ក្រោមការទទួលអនុវត្តបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំក្រុមការងារចុះប្រតិបត្តិការផ្ទាល់ រួមគ្នាជាមួយ អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង  ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងចម្រុះ  ចុះអនុវត្តប្រតិបត្តិការយ៉ាងក្តៅគគុក វែករកមុខមេខ្លោង និងជនល្មើសដុតបំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ នៅក្នុងខេត្តស្ទឹងត្រែង ព្រមទាំងបានធ្វើការដកហូតផ្ទៃដីប្រមាណ ៧ពាន់ហិចតា យកមកប្រគល់ឱ្យអាជ្ញាធរខេត្តស្ទឹងត្រែង គ្រប់គ្រងវិញ។

ប្រធានក្រុមការងារអន្តរាគមន៍ពិសេស លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានថ្លែងថា នៅក្នុងប្រតិបត្តិការរយៈពេល ២៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៩ ខែមេសាឆ្នាំ២០២៤ ឆ្លើយតបនឹងការយកចិត្តទុកដាក់ខ្ពស់ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកបណ្ឌិត បានបញ្ជាក់ថា ជាលទ្ធផលក្នុងប្រតិបត្តិការក្តៅគគុកនេះ ក្រុមការងារបានសម្របសម្រួល ពន្យល់បងប្អូនប្រជាពលរដ្ឋ ដែលលង់ចាញ់បោកមេខ្យល់ ឱ្យពួកគាត់យល់ និងស្ម័គ្រចិត្តព្រមរុះរើចាកចេញពីដី ក្នុងតំបន់ការពារធម្មជាតិ ដោយរីករាយ និងដោយសន្តិវិធី ។

លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន​ បានបញ្ជាក់ទៀតថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការចាប់ខ្លួន ក្រុមមេខ្លោង និងបក្សពួកនៅពីក្រោយរឿងនេះ ចំនួន ១០នាក់ រួមមាន៖ យាយម៉ា  ឈ្មោះពិត សៅ សាលម៉ា ,តាជ័យ សែន ឈ្មោះពិត សុខ យឿន ,ឈ្មោះ អ៊ិន ភុំ ,ឈ្មោះ សាន តឿង , ឈ្មោះ សន សឿង , ឈ្មោះ សន គាវលី , ឈ្មោះ ទ្រី ស៊ីនាង ,ឈ្មោះ ហ៊ុន វិបុល ហៅ វណ្ណា ,ឈ្មោះ ចាន់ រី ហៅ ជាតិ និងឈ្មោះ ពៀច ចាន់ (ដែលគេស្គាល់ថា ជាប្រធានអង្គការថែរក្សាការពារធម្មជាតិ ប្រចាំខេត្តស្ទឹងត្រែង ខេត្តរតនគរី ខេត្តក្រចេះ និងខេត្តព្រះវិហារ) ដែលគេល្បីថា ជាមេឈ្មួញ និងបក្សពួកមេខ្លោងដុសស្លែរឿងជួញដូរដី និងកៀរគរមនុស្សឱ្យមកកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ជាង ១ម៉ឺនហិកតា នៅក្នុងខេត្តស្ទឹងត្រែង  ហើយថែមទាំងល្បីថា គ្មាននរណាហ៊ានប៉ះ សូម្បីតែមួយសរសៃសក់ និងធ្លាប់តែបានចិត្តធ្វើសកម្មភាពផ្តេសផ្តាសយ៉ាងគឃ្លើន ចេះតែបន្តចលនាកៀរគរប្រជាពលរដ្ឋ ទាំងបងប្អូនខ្មែរ និងបងប្អូនខ្មែ-ឥស្លាម ឱ្យមករំលោភបំពានកាប់ទន្ទ្រានដីព្រៃ ក្នុងដែនជម្រកសត្វព្រៃ និងតំបន់ការពារធម្មជាតិ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ដើម្បីលក់ដូរខុសច្បាប់យ៉ាងអាណាធិបតេយ្យ នៅចំណុចភ្នំក្រឡាពស់ ក្នុងតំបន់ឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ស្ថិតក្នុងស្រុកសេសាន  និងតំបន់ដែនជម្រកសត្វព្រៃឆែប-ព្រះរកា ស្ថិតក្នុងស្រុកបូរីអូរស្វាយសែនជ័យ ត្រូវបានសមត្ថកិច្ចខេត្តស្ទឹងត្រែង ឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ហើយមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនបន្តទៀត។

លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានបន្ថែមថា ចំពោះដីព្រៃឈើដែលរងការដុតបំផ្លាញ និងកាប់ទន្ទ្រានខុសច្បាប់ នៅតំបន់ភ្នំក្រឡាពស់ ក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ស្ថិតក្នុងស្រុកសេសាន ត្រូវបានខូចខាតទាំងស្រុងប្រមាណ ៧ពាន់ហិកតា និងគ្រោងរងការខូចខាតប្រមាណ៦-៧ពាន់ហិកតាបន្ថែមទៀត រីឯព្រៃឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរកា ស្ថិតក្នុងស្រុកបូរីអូរស្វាយសែនជ័យ ដែលរងការដុតបំផ្លាញ និងកាប់ទន្ទ្រានខូចខាតទាំងស្រុងប្រមាណជាង ៦រយហិកតា និងគ្រោងរងការខូចខាតប្រមាណ ៥-៦រយហិកតាបន្ថែមទៀត ត្រូវបានក្រុមការងារអនុវត្តប្រតិបត្តិការពិសេស រំដោះបានយកមកប្រគល់ជូន មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីគ្រប់គ្រង មើលថែរក្សា ការពារ ជាសម្បត្តិធនធានធម្មជាតិឡើងវិញ។

លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានបន្តបញ្ជាក់ថា ក្នុងនាមប្រធានក្រុមការងារប្រតិបត្តិការពិសេស បានរំលឹកផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ សូមឈប់ចាញ់បោកមេខ្យល់អូសទាញឱ្យទៅដុតបំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់តទៅទៀត ហើយសូមបងប្អូនទាំងអស់គ្នាស្វែងយល់អំពីតម្លៃ និងសារៈសំខាន់របស់ព្រៃឈើ សម្រាប់ជីវិតមនុស្ស សត្វ និងជីវចម្រុះ ព្រោះព្រៃឈើ គឺជាជម្រកសត្វព្រៃនានា ព្រៃឈើ គឺជាគម្របទប់ស្កាប់ការឡើងកម្តៅផែនដី ព្រៃឈើជាអ្នកទាក់ទាញទឹកភ្លៀងយ៉ាងចាំបាច់ ហើយព្រៃឈើក៏ជាអ្នកបង្កីតខ្យល់អុកស៊ីសែនសម្រាប់មនុស្ស សត្វ និងជីវចម្រុះ ដកដង្ហើមរស់ ដូច្នេះ យើងទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាការពារព្រៃឈើ និងត្រូវចេះស្រលាញ់ព្រៃឈើទាំងអស់គ្នា។

គួរបញ្ជាក់ថា នៅរយៈពេលថ្មីៗកន្លងមកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  បានដាក់ចេញនូវវិធានការក្តៅ និងដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសដុតបំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ ដោយមិនមានការលើកលែង ចំពោះមេខ្លោងណាមួយនោះឡើយ។

យោងតាមច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ មាត្រា ៦២ ត្រូវផ្តន្ទាទោស ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ និងត្រូវរឹបអូសវត្ថុតាងជាសម្បត្តិរដ្ឋ ចំពោះជនដែលបានប្រព្រឹត្តបទល្មើសណាមួយ ( កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ ,កាប់ ប្រមូល និងកែច្នៃឈើប្រណិតគ្រប់ប្រភេទ ,នាំចូល និងរក្សាទុកសំណល់គ្រោះថ្នាក់គ្រប់ប្រភេទ ដែលធ្វើឱ្យខូចខាត ឬ អាចបណ្តាលឱ្យខូចខាតដល់ធនធានធម្មជាតិ ,បង្កឱ្យមានភ្លើងឆេះព្រៃដោយចេតនា ,យកថ្ម គ្រួស ខ្សាច់ រ៉ែ ការគាស់ ឈូសឆាយ កកាយ យកដីដោយគ្មានការអនុញ្ញាត ,ចាក់លុប ឬ ចាក់បំពេញដី ឬ ចាក់បំពេញដែនទឹក ដោយគ្មានការអនុញ្ញាត ។ ក្នុងករណីមិនរៀងចាលត្រូវផ្តន្ទាទោសទ្វេដង)។

បទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ៖ ទោសដាក់ពន្ធធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១៥លានរៀល ដល់ ១៥០លានរៀល។ ករណីបុគ្គលប្រព្រឹត្តបទល្មើសជានីតិបុគ្គ នោះទោសពិន័យជាប្រាក់ពី ១៥០លានរៀល ទៅ ២៥០លានរៀល វត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ ៕ដោយ៖ឡុង សំបូរ