ខេត្តរតនគិរី៖ ប្រសាសន៍ដាស់តឿនរបស់ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន នៅក្នុងដំណើរចុះសួរសុខទុក្ខ និងការនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅឧបត្ថម្ភដល់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន៤ និងកម្លាំងយោធាការពារព្រំដែន កម្ពុជា-វៀតណាម នាថ្ងៃទី១ឧសភា២០២៤ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
អំណោយដែលត្រូវផ្តល់ជូន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤ ចំណុះវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ គឺ ប៉ុស្តិ៍នគរបាលការពារព្រំដែនលេខ ៦០៧ (ប៉ុស្តិ៍ខ្លាធំ) ,ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ ៦០៩ (ប៉ុស្តិ៍៥០០) ,ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ ៧០១ (ប៉ុស្តិ៍អូរលាវ) និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៧០៣ (ប៉ុស្ត៍ពាមអូរលាវ) និងកម្លាំងយោធាការពារព្រំដែន ដោយអង្គភាពនីមួយៗទទួលបាន អង្ករ ៤០០គីឡូក្រាម, ស្រាបៀរគ្រុឌ ៣០កេស ,ទឹកបរិសុទ្ធ ២០កេស ,ទឹកត្រី ៨យួរ ,អំបិល ៤បេ ,ទឹកស៊ីអ៊ីវ ៨យួរ ,ប្រេងឆា ៤ដប ,ត្រីខកំប៉ុង ៤កេសធំ ,ប្រេងសាំង ២០លីត្រ ,មី ២០កេស និងថវិកា ៤០ម៉ឺនរៀល ផងដែរ។
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន មានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់កងកម្លាំងដែលកំពុងឈរជើងការពារព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកអូរយ៉ាដាវ នៃខេត្តរតនគិរី។
លោក ញ៉ែម សំអឿន បានថ្លែងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងរាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ លោកថា សម្តេច បានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម ជាពិសេស ការចុះជួបសំណេះសំណាល ពីថ្នាក់ដឹកនាំខេត្តនាពេលនេះ ក៏ដូចជាការយកចិត្តទុកដាក់ ចង់ដឹងសុខទុក្ខ កងកម្លាំងរបស់យើង ផងដែរ។
លោក ញ៉ែម សំអឿន បានថ្លែងចាត់ទុក ការចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងជួរមុខ ការពារខ្សែបន្ទាត់ព្រំដែន គឺជាការផ្សារភ្ជាប់ រវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្កើននូវការទំនាក់ទំនងឲ្យកាន់តែល្អនឹងគ្នា ក្នុងការទ្រទ្រង់ជីវភាព និងភាពចាំបាច់របស់កងទ័ព ដែលឈរជើងនៅតាមព្រំដែន កម្ពុជា-វៀតណាម ក្នុងកិច្ចការពារបូរណភាពទឹកដី នាពេលនេះ។
លោកអភិបាលខេត្តរតនគិរី បានសម្តែង នូវការគោរពកោតសរសើរ ដឹងគុណចំពោះវីរភាព ការលះបង់ ការតស៊ូ និងការធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជន ពីសំណាក់កងកម្លាំងការពារព្រំដែន នៃយើង។
អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានក្រើនរំលឹកដល់កងកម្លាំងគ្រប់កងឯកភាពទាំងអស់ ត្រូវបន្តកិច្ចសហប្រតិបត្តិការ កសាងទំនាក់ទំនងគ្នាឲ្យបានល្អ ជាមួយកងកម្លាំងបណ្តាប្រទេសជាមិត្ត និងត្រូវក្តាប់ឲ្យបានរាល់សភាពការណ៍ នៅតាមបណ្តោយព្រំដែន ដែលខ្លួនកំពុងឈរជើងការពារ ត្រូវចូលរួមទប់ស្កាត់ និងការពារធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាព នៃកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ទុកសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត៕ដោយ៖ឡុង សំបូរ