បន្ទាយមានជ័យ :ភ្លៀងកក់ខែ លាយខ្យល់កន្ត្រាក់លើ៣ឃុំនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបង្កប៉ះពាល់និងខូចខាតផ្ទះពលរដ្ឋ៥២ខ្នង, ធ្ងន់១៧ខ្នង ប៉ុន្តែមិនមានមនុស្សរងរបួសឬស្លាប់នោះឡើយ។
គ្រោះធម្មជាតិនោះបានកើតឡើងពីម៉ោង៣និង៣០នាទីដល់ម៉ោង៤និង១០នាទីល្ងាចថ្ងៃទី៥ខែឧសភាឆ្នាំ២០២៤ ។
លោកលាវ គុណ មេឃុំថ្មពួកប្រាប់ នាថ្ងៃទី០៦ខែឧសភាថា:ភ្លៀងកក់ខែតិច(រលឹម)លើកដំបូង លាយឡំខ្យល់កន្ត្រាក់ខ្លាំងនោះ សម្រាប់ឃុំថ្មពួកបង្កអោយប៉ះពាល់និងខូចខាតផ្ទះសម្បែងពលរដ្ឋចំនួន៤៣ខ្នង ។
ក្នុងនោះខូចខាតធ្ងន់ធ្ងរ(រំលំឬដួលពីជើងតាង) ចំនួន១២ខ្នង ។
ក្រុមការងារចុះជួយមូលដ្ឋាប កងកម្លាំងទាំង៣ប្រភេទបានពិនិត្យ សង្គ្រោះទាំងយប់ដូចជារុករកក្រែងលោមានមនុស្សរងគ្រោះ និងជួយរុះរើសំណង់ខ្លះដើម្បីសម្រួលទីជម្រកស្នាក់នៅបណ្តោះអាសន្នជូនពលរដ្ឋ។
ចំណែកលោកហេង សុភក្តិ មេឃុំបន្ទាយឆ្មារប្រាប់សារព័ត៌មាននាថ្ងៃទី០៦ខែឧសភាថា: គ្រោះធម្មជាតិនៅតំណាលគ្នានោះ នៅភូមិដងរែកឃុំបន្ទាយឆ្មារ រងផលប៉ះពាល់ និងខូចខាតផ្ទះពលរដ្ឋ៤ខ្នង ក្នុងនោះ ៣ខ្នង ខូចធ្ងន់។រីឯនៅឃុំគំរូ ខូចខាតផ្ទះពលរដ្ឋចំនួន៥ខ្នង ក្នុងនោះខូចធ្ងន់២ខ្នង ។
ក្រុមការងារថ្នាក់ខេត្ត ស្រុកនិងកងកម្លាំងទាំង៣បានចេញទីជួយអន្តរាគមន៍រុះរើនិងជួយជួសជុលផ្ទះជូនពលរដ្ឋ
ជាបន្តបន្ទាប់ ។ដោយសម្ភារ: សំណង់ សង្គសី កឺក្រុមការងារបានរៃអង្គាសគ្នា៕ដោយ៖ឃិន គន្ធា