ខេត្តរតនគិរី៖ ឈើជ្រុង ៤៦កំណាត់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាប និងដកហូតយកមករក្សាទុកជាសម្បត្តិរដ្ឋ ក្រោមប្រតិបត្តិការរួមគ្នា រវាងកម្លាំងកងរាជអាជអាវុធហត្ថស្រុកអូរយ៉ាដាវ និងកម្លាំងបរិស្ថានស្រុក និងក៏មានការចូលរួមពី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអូរយ៉ាដាវ កាលពីថ្ងៃទី៦ឧសភា២០២៤ ដោយមានការដឹកនាំ សម្របសម្រួលពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី លោក កែវ ភក្តី ផងដែរ។
សេចក្តីរាយការណ៍បានឱ្យដឹងថា ឈើដែលរងការបង្ក្រាប និងរឹបអូសបានពីកម្លាំងសមត្ថកិច្ចចម្រុះនាវេលានោះ ឈ្មួញបានដឹកជញ្ជូនយកមកលាក់ទុក នៅចំណុចព្រៃក្បែរចម្ការអ្នកស្រុកមួយកន្លែង ស្ថិតនៅក្នុងភូមិតាកុកព្នង ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ឈើទាំងនេះឈ្មួញរង់ចាំឱកាសល្អ នឹងបន្តធ្វើការដឹកជញ្ជូនឆ្លងដែន ចូលទៅលក់នៅក្នុងប្រទេសវៀតណាម ដោយខុសច្បាប់ ប៉ុន្តែ ត្រូវបានបង្ក្រាបដោយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានទាន់ពេលវេលា។
សមត្ថកិច្ចនៅក្នុងការបង្ក្រាបបានបង្ហើបឱ្យដឹងថា កម្លាំងសមត្ថកិច្ច បានចុះស្រាវជ្រាវ ត្រួតពិនិត្យ និងរុករកបទល្មើសព្រៃឈើ ហើយក៏បានប្រទះឃើញឈើ ប្រភេទឈើជ្រុងផែរួចចំនួន ៤៦កំណាត់ ដែលមានប្រវែងពី៣ម៉ែត្រ ទៅ៥ម៉ែត្រ ជាប្រភេទឈើឈ្លីក និងឈើផ្ចឹក មានមុខកាត់ចាប់ពី៣០ ទៅ៤០សង់ទីម៉ែត្រ។
ក្រោយការបង្ក្រាប កម្លាំងជំនាញបរិស្ថាន បានធ្វើការដឹកជញ្ជូនយកវត្ថុតាងទាំងនោះ ទៅរក្សាទុកនៅទីស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ឡុង សំបូរ