កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៧ ខែឧសភាឆ្នាំ ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញជាអធិបតីភាពក្នុងពិធីចំណេះសំណាល ជួបសុខទុក្ខ និងប្រគល់ប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននាឱកាសនេះ លោក សាយ គឹមឡម បានលើកឡើងថា(ការផ្ដល់ប័ណ្ណសមធម៌បានត្រឹមត្រូវគឺជាការរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន) លើសពីនេះក៏ជាការចូលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។
ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោង ក៏បានក្រើនរំលឹកដល់មន្ត្រីអត្រានុកូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវពន្លឿនធ្វើឯកសារចាំបាច់ផ្ទាល់ខ្លួនមួយចំនួនរបស់ប្រជាពលរដ្ឋដែលត្រូវធ្វើប័ណ្ណសមធម៌ឲ្យបានលឿនបំផុត ដើម្បីឲ្យពួកគាត់ទទួលបាននូវប័ណ្ណសមធម៌ទាន់ពេលវេលា ហើយទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជាការព្យាបាលឥតគិតថ្លៃនៅមន្ទីរពេទ្យនិងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែជាដើម។
ជាចុងបញ្ចប់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានណែនាំដល់រដ្ឋបាលឃុំប្រឡាយ ត្រូវបែងចែកតួនាទី/ភារកិច្ចគ្នាក្នុងការចុះផ្ទាល់ជាមួយមន្ត្រីបច្ចេកទេសសម្ភាសន៍ ឲ្យដល់ផ្ទះគ្រួសារក្រីក្រផ្ទាល់ ដើម្បីប្រសិទ្ធភាព និងភាពជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋទូទៅផងដែរ។
គួរបញ្ជាក់ផងដែរថា ប័ណ្ណសមធម៌ដែលចែកជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសនេះមានចំនួន៥៦៩ប័ណ្ណ ដែលក្នុងនោះ ក្រីក្រ១ចំនួន២៣៧ប័ណ្ណ និងក្រីក្រ២ចំនួន៣៣០ប័ណ្ណផងដែរ។ អត្ថបទលោក ឆុន ឆេងក្រឹម