ប្រជាពលរដ្ឋនៅស្រុកដំណាក់ចង្អើរខេត្តកែបទទួលបានការព្យាបាលជំងឺទូទៅដោយមិនគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសហគមបេសកកម្មមនុស្សធម៍នៅកម្ពុជា

0

ខេត្តកែប៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសហគមបេសកកម្មមនុស្សធម៌នៅកម្ពុជា បានចុះមកពិនិត្យព្យាបាលជំងឺទូទៅ និងផ្តល់ថ្នាំជូនដល់ប្រជាពលរដ្ឋនៅស្រុកដំណាក់ចង្អើរ ដោយឥតគិតថ្លៃមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ៧-៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប ការពិនិត្យព្យាបាលចាប់ពីម៉ោង ៧: ៣០ព្រឹក ដល់ម៉ោង ៥ល្ងាច។

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម យ៉ា សាដេត ទីប្រឹក្សាឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាតំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសហគមបេសកកម្មមនុស្សធម៌នៅកម្ពុជា  និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ​ អភិបាលនៃគណៈអភិបាលខេត្តកែប និងអ្នកពាក់ព័ន្ធជាច្រេីនរូបទៀត។

យោងតាមរបាយការណ៍ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានអោយដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសហគមបេសកកម្ម មនុស្សធម៌កម្ពុជា កំពុងពិនិត្យព្យាបាលលើប្រភេទជំងឺ ទូទៅ ដូចជាជំងឺទឹកនោមផ្អែម លើសឈាម អេកូស្រ្ដីមានផ្ទៃពោះ និងវះកាត់តូច ជូនដល់ប្រជាពលរដ្ឋនៅស្រុកដំណាក់ចង្អើរ។

ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ​ អភិបាលនៃគណៈអភិបាលខេត្តកែប បានសម្តែងការស្វាគមន៍ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសហគមបេសកកម្មមនុស្សធម៌នៅកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានយកអស់កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ជួយពិនិត្យព្យាបាល ជំងឺជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ។

ឯកឧត្តម ក៏បានថ្លែងកោតសរសើរ ចំពោះ អាជ្ញាធរ សមត្ថកិច្ចគ្រប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ដែលបានជួយរៀបចំចាត់ចែង និង សហការគ្នាយ៉ាងល្អ មានសណ្តាប់ធ្នាប់ របៀបរៀបរយ ជាហេតុធ្វើឲ្យការធ្វើសកម្មភាពពិនិត្យ ព្យាបាល របស់ក្រុមគ្រូពេទ្យបានប្រព្រឹត្តទៅដោយរលូន រហូតសម្រេចបាន នូវលទ្ធផលល្អប្រសើរដូចនេះ។

ជាមួយគ្នា​នេះ​ ឯកឧត្តម អភិបាលខេត្ត សំណូមពរដល់ក្រុមគ្រូពេទ្យស្មគ្រចិត្ត បន្តចុះពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលក្រោយក្រោយទៀត សំដៅលើកកំពស់សុខមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព។

ឯកឧត្តមអភិបាលខេត្ត ចាត់ទុកកម្មវិធីនេះ ជាកាយវិការមនុស្សធម៌ មិនអាចកាត់ថ្លៃបាន ក្នុងនាមខ្មែរជួយខ្មែរ និងជាលិប្បៈចែករំលែកដ៏ល្អប្រពៃ៕ សេង ណារិទ្ធ