បង្ក្រាបបទល្មើសនេសាទលើផ្ទៃទន្លេមេគង្គ សមត្ថកិច្ចរឹបអូសបានឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ នារដូវបិទការនេសាទនេះ នៅខេត្តស្ទឹងត្រែង !

0

ខេត្តស្ទឹងត្រែង៖ ទូកម៉ាស៊ីន ១គ្រឿង រួមទាំងឧបករណ៍នេសាទល្មើសច្បាប់ ជាច្រើនប្រភេទទៀត ត្រូវបានក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​តំបន់​រាមសារ និង​ប្រជា​សហគមន៍​នេសាទ បង្ក្រាប និងរឹបអូសបានពីជនខិលខូច ដែលលបលួចប្រព្រឹត្តបទល្មើសនេសាទ នៅពេលថ្ងៃ និងពេលយប់ បើទោះបីរដូវនេះជារដូវបិទការនេសាទត្រីក៏ដោយ។

នៅក្នុងរយៈពេល ៣ថ្ងៃមកនេះ (៥-៧ឧសភា២០២៤) ក្រុមអភិរក្សត្រីមេពូជ សហការជាមួយ ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​តំបន់​រាមសារ ​ប្រជា​សហគមន៍​នេសាទសង្កាត់សាមគ្គី និង​សហគមន៍ ឃុំ​អូរ​ស្វាយ​-​ឃុំ​កោះ​ស្នែង រួមគ្នាបង្កើនការចុះល្បាតនៅតាមតំបន់សំខាន់ៗ នៅលើផ្ទៃដងទន្លេមេគង្គ ដើម្បីទប់ស្កាត់ការប្រព្រឹត្តបទល្មើសនេសាទ ក្នុងរដូវបិទការនេសាទ ដែលចាប់អនុវត្តពីថ្ងៃទី១ឧសភា២០២៤ នោះមក និងដើម្បីរក្សាបាននូវត្រីមេពូជពងកូន ក៏ដូចធនធានជលផល ផងដែរ។

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​តំបន់​រាម​សារ នៃទន្លេមេគង្គ ខេត្តស្ទឹងត្រែង លោក នី វី បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា នៅក្នុងពេលចុះល្បាតច្រើនថ្ងៃមកនេះ ក្រុមការងារបាន​ប្រទះ​ឃើញ ​ក្រុម​ជនល្មើស​ធ្វើ​សកម្មភាព​ ដោយ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី ​ទាំង​ពេល​ថ្ងៃ និង​ពេល​យប់ ។ លោកថា នៅ​ថ្ងៃ​ទី៥ឧសភា ក្រុមការងារ​រួម​សហការ​ ជាមួយ​ប្រជា​សហគមន៍​នេសាទ នៅ​សង្កាត់​សាមគ្គី​ ក្រុង​ស្ទឹង​ត្រែង និង​ឃុំ​អូរ​ស្វាយ​-​ឃុំ​កោះ​ស្នែង ​ក្នុងស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ បង្ក្រាប​បាន​ ​២ករណី និងនៅ​ថ្ងៃ​ទី​៦ឧសភា បង្ក្រាបបាន​ ១​ករណី ​ដោយ​ដកហូត​សម្ភារ និង​ឧបករណ៍​ល្មើសច្បាប់​មួយ​ចំនួន​ ថែមទៀត ។

លោក នី វី បានបន្តទៀតថា ការបង្ក្រាប ៣ករណីខាងលើ សមត្ថកិច្ចបានប្រទះឃើញ ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ ២​នាក់​ ដែលកំពុងធ្វើសកម្មភាពនេសាទខុសច្បាប់ និងជនសង្ស័យ បន្ទាប់ពីឃើញសមត្ថកិច្ចទៅដល់ ក៏បាន​ទម្លាក់​ឧបករណ៍នេសាទ ចោល​ក្នុង​ទឹក​ និង​បើកទូក​រត់គេច​ខ្លួន។

លោក នី វី បានបន្តឱ្យដឹងទៀតថា នៅ​វេលា​ម៉ោង​ជាង ៣ទៀប​ភ្លឺ ​ឈាន​ចូលថ្ងៃទី៧ឧសភា ម្សិលមិញ ក្រុមល្បាតក៏​បាន​ប្រទះឃើញ ​ក្រុម​ជនល្មើស​កំពុង​ធ្វើ​សកម្មភាព​ឆក់​ត្រី ខណៈនោះ​ ​ក្រុម​ល្បាត​បាន​ប្រដេញចាប់​ ​តែ​ក្រុម​ជនល្មើសបាន​រត់​ចោល​ទូក​ម៉ាស៊ីន​ និង​បានធ្វើការ​ដកហូត​វត្ថុ​តាង​ទាំងនោះ ​(​ទូក​ឈើ​ក្បាល​ស្រួច​១​គ្រឿង ,​ម៉ាស៊ីន​កម្លាំង ​២០​សេស​ធី​បី​ស៊ី ​១​គ្រឿង ,​អា​គុយ ​៥០Ah ១​គ្រឿង ,​ដុំ​ឆក់​ស៊េរី​ថ្មី ១​គ្រឿង ,​ច្រ​វ៉ា​ក់​ជាប់កន្ត្រង​ដងត្រី​១​ និងខ្សែភ្លើងប្រវែង ​៥​ម៉ែត្រ ហើយវត្ថុ​តាង​ទាំងនេះ ត្រូវ​បាននាំយកទៅ​រក្សា​ទុក ​នៅ​ស្នាក់​ការ​រង​កំបោរ ។

ប្រជា​សហគមន៍​នេសាទ ​លោក​ ថង កង បានបញ្ជាក់​ថា ជនសង្ស័យ​ទាំងនេះ​មាន​ច​រិ​ក​ព្រហើនកោងកាច ​មិន​ចូលរួម​គោរព​ច្បាប់​ជលផល​នោះ​ទេ ព្រោះ​នៅ​ក្នុង​រដូវ​បិទ​នេសាទ ជនល្មើស​ទាំងនេះ ​បាន​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ដោយ​ធ្វើ​សកម្មភាព​ឆក់​ត្រី​ទាំង​ថ្ងៃ ដោយ​មិន​កោតខ្លាច​ច្បាប់នោះ​ឡើយ ។

លោក​ ថង កង បានបញ្ជាក់ទៀត​ថា ក្នុងនាមប្រជា​សហគមន៍​នេសាទ សូម​អំពាវនាវ​ដល់​ប្រជា​អ្នកនេសាទ​ទាំងអស់ កុំ​ព្យាយាម​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ​បែប​នេះទៀត ព្រោះ​​ជា​ទ​ង្វើល្មើសច្បាប់ និងការ​បំផ្លាញ​ធនធាន​មច្ឆជាតិ​របស់​ខ្លួនឯង ​តែ​ប៉ុណ្ណោះ។

អភិបាលក្រុង​ស្ទឹង​ត្រែង លោក ​សាយ កុសល បានថ្លែង ​លើកទឹកចិត្ត​ដល់ក្រុម​អភិរក្ស​ត្រី​មេ​ពូជ និងលោកបានស្នើ​ឱ្យ​រួម​គ្នា ​បង្កើន​សកម្មភាព​ចុះ​ល្បាត​ឱ្យ​បាន​ញឹកញាប់ ចំណែក​អាជ្ញាធរ ​នឹងនៅតែបន្តជួយ​ឧបត្ថម្ភ ​គាំទ្រ នូវ​សម្ភារ ​គ្រឿ​បរិភោគ ផ្សេង​ៗ​បន្ថែម​ទៀត ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការពារ​ជលផល ដែលជាប្រយោជន៍​រួម​របស់​យើង​ទាំងអស់​គ្នា​ នៅក្នុង​រដូវ​បិទ​នេសាទ ដែលនឹងចាប់អនុវត្តពីថ្ងៃទី១ឧសភា២០២៤ នោះមក។

លោក សាយ កុសល បានស្នើដល់ខណ្ឌរដ្ឋបាលជលផល និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សូមជួយបន្ថែមកម្លាំងអន្តរាគមន៍ ដើម្បីជួយដល់ប្រជា​សហគមន៍​នេសាទ និង​កម្លាំង​ល្បាត ព្រោះត្បិត​សហគមន៍​មាន​គ្នា​តិច រីឯ​ដែន​អភិរក្ស​មាន​ទំហំ​ធំ ​និង​មាន​ប្រវែង​ជាង​៤០ ​គីឡូម៉ែត្រ ឯណោះ​ មិន​អាច​គ្រប់គ្រង​បាន​ទាំងស្រុង​នោះ​ទេ បើគ្មានកម្លាំងជំនួយ៕ដោយ៖ឡុង សំបូរ