ខេត្តរតនគិរី៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានធ្វើពិធីអបអរសាទរ ខួបលើកទី ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ ” រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ” ក្រោមអធិបតីភាព លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តរតនគិរី នាថ្ងៃទី៨ឧសភា២០២៤នេះ។
ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តរតនគិរី លោក ញ៉ែម សំអឿន បានអានសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អត្ថន័យនៃសារលិខិតបានបញ្ជាក់ថា ក្នុងឱកាសខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា២០២៤ សម្រាប់ឆ្នាំ២០២៤នេះ ប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” គឺមានគោលបំណងសំខាន់ បង្ហាញពីការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយ ស្តីពីការថែទាំសុខភាពបឋមតាមសហគមន៍ និង ពង្រឹងភាពធន់នឹងអាកាសធាតុ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការគន្លឹះនានា ជាពិសេសក្នុងរដូវប្រាំងឆ្នាំនេះ ដែលកម្ដៅកើនឡើងខ្ពស់មិនធ្លាប់ដែលមាន ដើម្បីពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ធានាសុវត្ថិភាពសុខភាព និងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ញ៉ែម សំអឿន បានបន្តថា កាកបាទក្រហមកម្ពុជា ត្រូវតែលើកកម្ពស់ស្មារតីក្នុងការអនុវត្តវិធានការនានា ដែលត្រូវឆ្លើយតបជាចាំបាច់ទៅនឹងផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ ជាពិសេសសម្ពាធ នៃការកើនកម្ដៅ ដែលកំពុងបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ធម្មជាតិ សុខភាព សេដ្ឋកិច្ច។ល។
ទន្ទឹមនោះ ប្រធានបទ ” រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ” ពិតជាមានសារៈសំខាន់សម្រាប់ កាកបាទក្រហមកម្ពុជា ក៏ដូចជា សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី សម្រាប់អាជ្ញាធរខេត្ត និងប្រជាជនទូទាំងខេត្ត រួមគ្នា ដើម្បីបុព្វហេតុមនុស្សធម៌ សំដៅជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ តាមរយៈការជួយសម្រាល ជនរងគ្រោះដោយគ្រោះមហន្តរាយនានា និងការថែទាំសុខភាពតាមសហគមន៍ ព្រមទាំងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត។
លោក ញ៉ែម សំអឿន បានអំពាវនាវដល់សប្បុរសជនទាំងអស់ សូមបន្តកិច្ចខិតខំចូលរួមចំណែកជួយ និងសហការគ្នាឲ្យបានយ៉ាងសកម្ម និងរស់រវើក ឲ្យប្រែក្លាយជាកម្លាំងចលករ របស់កាកបាទក្រហមកម្ពុជា សម្រាប់ដោះស្រាយ រាល់បញ្ហាប្រឈមទាំងឡាយរបស់ប្រជាជន ក្នុងអត្ថន័យបាវចនាសង្គ្រោះជីវិតផ្លាស់ប្តូរផ្នត់គំនិត (ធ្វើឲ្យបានកាន់តែច្រើនជាងមុន ធ្វើឲ្យបានកាន់តែល្អជាងមុន ធ្វើឲ្យបានកាន់តែស៊ីជម្រៅ និងទៅឲ្យបានកាន់តែឆ្ងាយជាងមុន) ដោយឈរលើគោលការណ៍គ្រឹះ ទាំង៧ របស់ចលនា ក្នុងគ្រប់កាលៈទេសៈ តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពុជា» «រួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» «វប្បធម៌ ចែករំ លែកចាប់ ផ្តើមពីខ្ញុំ» «រួមគ្នាអនុវត្ត» «ថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះអគ្គិភ័យ» «ការលើកកម្ពស់សុខភាពស្ត្រី ទារក និងកុមារ គឺជាគន្លឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព»។
លោក ញ៉ែម សំអឿន បានក្រើនរំលឹក ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសថ្នាក់ដឹកនាំ សាខា អនុសាខា ត្រូវយកចិត្តទុកដាក់ជាប្រចាំ តាមដានសភាពការណ៍ ដែលបានកើតឡើង ជាពិសេសករណីគ្រោះមហន្តរាយផ្សេងៗ ដែលប្រជាពលរដ្ឋរស់នៅ តាមសហគមន៍មូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតប និងដោះស្រាយឲ្យបានទាន់ពេលវេលា ៕ដោយ៖ឡុង សំបូរ