(ប៉ៃលិន)៖ ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានបែកចែករង្វាន់ដល់អង្គភាពចំណុះរដ្ឋបាលខេត្ត, កងកម្លាំងប្រដាបអាវុធទាំង ៣ប្រភេទ,រដ្ឋបាលក្រុង/ស្រុក និង យុវជន សសយក ទាំង ៨ឃុំសង្កាត់ បន្ទាប់ពីខេត្តបានទទួលប័ណ្ណសរសើរ និងរង្វាន់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមខេត្តទាំង ០៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។
ក្នុងការប្រគល់រង្វាន់ជូនរាជធានី-ខេត្តណា ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នេះ គឺក្នុងគោលបំណង មិនចង់ឃើញមានគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការប្រុងប្រយ័ត្ន ព្រមទាំងគោរពច្បាប់ចរាចរណ៍ ជាពិសេសការចូលរួមចំណែកពីបងប្អូន អ៊ំពូមីង តាយាយ ដែលជាអ្នកបើកបរគ្រប់ប្រភេទ ដើម្បីឱ្យគ្រប់ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព អាចទទួលបានការជួបជុំក្រុមគ្រួសារគ្រប់ទីកន្លែងនៅទូទាំងប្រទេស។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក៍បានមានប្រសាសន៍អំពាវនាវ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយ មេត្តាបន្តគោរពច្បាប់ចរាចរណ៍ ហើយបើកបរដោយប្រុងប្រយ័ត្នខ្ពស់ ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងប្រកាន់ខ្ជាប់ការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ ដោយឡែកកងកម្លាំងទាំង ៣ប្រភេទ, អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍យ៉ាងម៉ឺងម៉ាត់ ជាពិសេសត្រូវផ្សព្វផ្សាយការយល់ដឹងអំពីច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ អោយបានទូលំទូលាយ នៅតាមមូលដ្ឋាន។
សូមបញ្ជាក់ថា៖ ខេត្តទាំង ០៦ ដែលទទួលប័ណ្ណសរសើរ និងរង្វាន់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមមាន៖ ខេត្តប៉ៃលិន, កំពង់ឆ្នាំង, ព្រៃវែង, រតនគីរី, កោះកុង និងខេត្តត្បូងឃ្មុំ ដោយក្នុងនោះខេត្តនីមួយៗទទួលបាន៖ ប័ណ្ណសរសើរចំនួន ១, ថវិកាចំនួន ២០០លានរៀល និងភេសជ្ជ:ចំនួន ១ពាន់កេស៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន