សៀមរាប៖ហាងស៊ីផឹកនិងខារ៉ាអូខេយីហោទន្លេមាសមានទីតាំងស្ថិតនៅក្នុងភូមិតាភុលសង្កាត់ស្វាយដង្គុំក្រុង-ខេត្តសៀមរាបបាននឹងកំពុងរងនូវការចោទប្រកាន់ពីសំណាក់ភ្ញៀវដែលធ្លាប់ទៅហូបចុកក៏ដូចជាប្រជាពលរដ្ឋរស់នៅជុំវិញនោះថាជាកន្លែងមួយដែលកំពុងមានភាពល្បីល្បាញខាងវ៉ៃតប់ភ្ញៀវតែមិនដែលមានឃើញសមត្ថកិច្ចណាមួយហ៊ានទៅក្បែរដើម្បីធ្វើការសួរនាំទេបើទោះបីជាធ្លាប់មានជនរងគ្រោះនៃអំពើហឹង្សានោះទៅដាក់ពាក្យបណ្តឹងក៏ដោយ។
យោងតាមប្រភពព័ត៌មានពីអ្នកធ្លាប់ទៅហូបចុកនៅក្នុងហាងនិងប្រជាពលរដ្ឋរស់នៅក្បែរនោះដែលធ្លាប់បានឃើញហេតុការណ៍វ៉ៃតប់ភ្ញៀវបានអោយដឹងថាម្ចាស់ហាងនោះដែលត្រូវគេដឹងថាជាប្រភេទមនុស្សស្រីស្រឡាញ់ស្រីដូចគ្នាគឺមិនសូវមានគុណធម៌នៅក្នុងខ្លួនទេក្នុងនាមជាម្ចាស់ហាង។លោកណៃម៉េងហុងអាយុ៣៥ឆ្នាំរស់នៅក្នុងភូមិកន្ត្រកសង្កាត់ស្វាយដង្គុំក្រុង-ខេត្តសៀមរាបគឺជាភ្ញៀវម្នាក់ដែលបានទៅហូបចុកនៅក្នុងហាងនោះកាលពីយប់ថ្ងៃអាទិត្យទី១៩ខែតុលាឆ្នាំ២០១៤ជាមួយនឹងមិត្តភ័ក្ត្រពីរនាក់ទៀត។
លោកណៃម៉េងហុងបានប្រាប់អ្នកយកព័ត៌មានយើងថាលោកត្រូវបានបុគ្គលិកនៅក្នុងហាងទន្លេមាសក្រោមការបង្គាប់បញ្ជារពីម្ចាស់ហាងវាយតប់រូបលោករហូតសន្លប់បន្ទាប់ពីគាត់បានធ្វើអោយបែកកែវមួយនៅក្នុងហាងនោះ។លោកបាននិយាយថាបើទោះជាយ៉ាងណាក្តីលោកបានរ៉ាប់ចេញសងថ្លៃកែវដែលលោកបានធ្វើបែកនោះបើទោះបីម្ចាស់ហាងនោះយកតំលៃកែវមួយដល់២០ដុល្លារក៏ដោយប៉ុន្តែក្នុងអំឡុងពេលដែលមិត្តភ័ក្ត្ររបស់លោកកំពុងគិតលុយសងស្រាប់តែបុគ្គលិកហាងនោះបានយកកៅអីជ័រមកវាយលោកពីក្រោយបណ្តាលអោយបែកក្បាលហើយដួលបន្ទាប់មកបានព្រួតគ្នាទាត់ធាក់លោកយ៉ាងដំណំព្រមទាំងបានដកយកការបូបលុយរបស់លោកទៅបាត់។ក្រោយមកលោកបានចូលទៅសុំយកការបូបមកវិញប៉ុន្តែម្ចាស់ហាងនោះមិនអោយ។
លោកណៃម៉េងហុងបានអោយដឹងទៀតថាគាត់បានដាក់ពាក្យបណ្តឹងរួចរាល់ហើយទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបតែរហូតមកដល់ពេលនេះនៅមិនទាន់ឃើញមានចំណាត់ការណាមួយចំពោះរឿងរបស់លោកនោះទេ។ម្ចាស់ហាងដែលត្រូវគេដឹងថាជាស្រីស្រឡាញ់ស្រីដូចគ្នានោះនៅពេលអ្នកយកព័ត៌មានយើងទូស័ព្ទទៅសាកសូរអំពីព័ត៌មាននេះបានបដិសេធថាហាងរបស់គាត់មិនដែលកើតមានរឿងដូច្នេះទេតែបានគំរាមប្តឹងអ្នកសារព័ត៌មានណាដែលហ៊ានចុះផ្សាយអំពីហាងរបស់គាត់។
លោកស៊ូវណ្ណដេតមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គុំបានប្រាប់អ្នកយកព័ត៌មានយើងថាលោកបានដឹងអំពីការវ៉ៃតប់គ្នានៅក្នុងហាងទន្លេមាសកាលពីយប់ថ្ងៃទី១៩ខែតុលាឆ្នាំ២០១៤នោះដែរតែលោកបានបញ្ជូនសំណុំរឿងនោះទៅកាន់អធិការដ្ឋាននគរបាលក្រុងសៀមរាបហើយ។លោកដេតបានបន្តថាលោកទទួលស្គាល់ថាហាងនោះពិតជាមានភាពល្បីល្បាញខាងវ៉ៃភ្ញៀវដូចគេថាមែនតែលោកមិនហ៊ានប៉ះពាល់ហាងនោះទេខ្លាចធ្លាក់ស័ក្តព្រោះខ្សែរបស់គេធំនៅក្នុងស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ខេងឧត្តម



































