ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានដឹកនាំក្រុមការងារ មន្ទីរ អង្គភាពចំណុះរដ្ឋបាលខេត្ត ក្រុង-ស្រុក ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ បរិ្ខការប្រើប្រាស់ រួមទាំងថវិកាមួយចំនួន ទៅកាន់តំបន់ជាប់ព្រំដែនកម្ពុជា-ឡាវ នៅចំណុចតំបន់ត្រពាំងគគី (ភូមិ១) ,អូររំដេង (ភូមិ២) និង អូរវល្លិ៍៥តំឡឹង (ភូមិ៣) ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែន នៅតំបន់នោះ គឺជាទីតាំងដកហូតដីរដ្ឋពីជនខិលខូច ដែលបានចូលទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់ នាពេលកន្លងទៅ។
នៅក្នុងដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែន របស់ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង នាថ្ងៃទី១២ ឧសភា ម្សិលមិញនោះ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារដីរដ្ឋ ក្រោយយុទ្ធនាការបង្ក្រាប និងដកហូតពីក្រុមឱកាសនិយមនៅពេលនោះ រួមមាន៖ អង្ករ ២០០គីឡូក្រាម .មីជាតិ ៦០កេស .ទឹកត្រី ៤យួរ .ទឹកស៊ីអ៊ីវ ៤យួរ .ផ្អក ២០ គីឡូក្រាម .ប្រហុក ២០គីឡូក្រាម .ពងទា ១២០គ្រាប់ .ភេសជ្ជៈ ១០កេស .ទឹកបរិសុទ្ធ ១៥០យួរ .ត្រីខកំប៉ុង ២០យួរ .ប្រេង ១៨០លីត្រ .តង់ ១៣តង់ .ជ្រូក១ក្បាលទម្ងន់ ១០០គីឡូក្រាម . ហ្វីឡេបាល់២ .បាល់ ៤គ្រាប់ .សូឡា ២សម្រាប់ រួមទាំងថវិកា ៤លាន ៨សែន រៀល ផងដែរ ។
អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានសម្តែងការអរគុណជាពន្លឹក រាល់ការចូលរួមគ្រប់សក្មភាពរបស់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធនានា រួមទាំងអាជ្ញាធរមូលដ្ឋាន ដែលតែងបានចូលរួមចំណែក ចែករំលែកធនធានផ្ទាល់ខ្លួន ក៏ដូចជាថវិកា ដើម្បីទ្រទ្រង់ ជួយសម្រួលក្នុងជីវភាពប្រចាំថ្ងៃរបស់កងកម្លាំង ក៏ដូចក្រុមការងារផ្សេងៗទៀត ដែលបានលះបង់ពេលវេលា បំពេញកាតព្វកិច្ច ក្នុងបុព្វហេតុជាតិ មាតុភូមិ ។ រីឯការចុះសួរសុខទុក្ខកងកម្លាំងនាពេលនេះ គឺបានបង្ហាញឱ្យឃើញ ពីការផ្សារភ្ជាប់ រវាងសមរភូមិក្រោយ និងសមរភូមិមុខ ក៏ជាការបង្កើននូវទំនាក់ទំនងគ្នា ឲ្យកាន់តែល្អប្រសើរថែមទៀត ។
លោកអភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការចុះបង្រ្កាប ការកាប់ទន្ទ្រានដីព្រៃរដ្ឋធ្វើជាកម្មសិទ្ធិ ពីសំណាក់ជនខិលខូច គឺបានធ្វើឡើងចាប់តាំងពីថ្ងៃទី ០៦ ខែមេសា រហូតដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៤ ដោយក្នុងនោះ មានប្រជាពលរដ្ឋបានចាញ់បោកមេខ្យល់ មករស់លើដីកាប់ទន្ទ្រានទាំង ៣គោលដៅ ខាងលើ មានចំនួនសរុប ៤២២ គ្រួសារ ។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ក្រោយពីមានការចុះបង្ក្រាបមេខ្យល់ ដែលនាំប្រជាពលរដ្ឋ មកទិញដីរដ្ឋដោយខុសច្បាប់ រួចមក ប្រជាពលរដ្ឋដែលមករស់នៅទីនេះ ក៏បានចាកចេញ ពីតំបន់អនាធិបតេយ្យនេះ ដោយស្ម័គ្រចិត្ត ផងដែរ៕ដោយ៖ឡុង សំបូរ