ឈើជាង ២ម៉ែត្រគូប ដឹកចេញពីខេត្តស្ទឹងត្រែង ត្រូវបានបង្ក្រាបដោយ កម្លាំងរដ្ឋបាលព្រៃឈើសមត្ថកិច្ចខេត្តព្រះវិហារ !

0

ខេត្តព្រះវិហារ៖ កម្លាំងផ្នែករដ្ឋបាលព្រៃឈើរវៀង នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានស្ទាក់ចាប់រថយន្តសាំយ៉ុង ១គ្រឿង ដែលមានផ្ទុកឈើអារប្រភេទលេខ១ ប្រមាណជាង ២ម៉ែត្រគូប នៅម៉ោងជាង ១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ឧសភា២០២៤ នៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ដែលឈើទាំងនោះ ត្រូវគេដឹងថា ឈ្មួញបានដឹកជញ្ជូនចេញពីខេត្តស្ទឹងត្រែង ក៏ត្រូវបានបង្ក្រាបដោយ កម្លាំងសមត្ថកិច្ចខេត្តព្រះវិហារ។

មន្ត្រីផ្នែករដ្ឋបាលព្រៃឈើរវៀង បានបង្ហើបឱ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើស្រុករវៀង  នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសធនធានធម្មជាតិ និងបានធ្វើការឃាត់ចាប់រថយន្តសាំយ៉ុងដឹកឈើ ១គ្រឿង ពាក់ស្លាកលេខ សៀមរាប 2A-0619 ដឹកជញ្ជូនឈើប្រភេទលេខ១ (ផ្ចឹក) ដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើត្រឹមត្រូវតាមច្បាប់នោះទេ ហើយឈើដែលរងការបង្ក្រាបនោះ មានចំនួនជាង ២ម៉ែត្រគូបត្រីគុណ ទាំងម្ចាស់ឈើ និងរថយន្តដឹកឈ មានមូលដ្ឋាននៅក្នុងខេត្តស្ទឹងត្រែង។

ប្រភពបានឱ្យដឹងថា ក្រោយការបង្ក្រាប និងរឹបអូស រថយន្តដឹកឈើ ត្រូវបានបញ្ជូនយកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង ចំណែក ម្ចាស់រថយន្តដឹកឈើ ត្រូវគេដឹងថា ត្រូវបានសមត្ថកិច្ចដោះលែងទៅវិញ នៅក្នុងពេលនោះ ផងដែរ៕ដោយ៖ឡុង សំបូរ