បន្ទាយមានជ័យ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់នៅថ្នាក់មូលដ្ឋាន និងដើម្បីគាំទ្រ និងពង្រឹងសម្ថភាព ជាអ្នកដឹកនាំ ការតស៊ូមតិ និងការសរសេរគម្រោងបែបបទមួយចំនួនជូនដល់លោក លោកស្រីក្នុងសហគមន៍ អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលយោបាយ(API) បានរៀបចំបើកកិច្ចប្រជុំពិភាក្សាពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ក្នុងស្រុកមង្គលបូរី ក្រោមវត្តមានលោកស្រី សែង វីរៈ សមាជិកក្រុមប្រឹក្សាស្រុកតំណាងឱ្យលោក ឆឹង ណាវុន ប្រធានក្រុមប្រឹក្សាស្រុកមង្គលបូរី លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី និងលោក អ៊ុច គ្រីស្តា មន្រ្តីគម្រោងប្រចាំខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក កងកម្លាំងនគរបាល ប្រធានសហគមន៍ ទាំង៨ ឃុំក្នុងស្រុកមង្គលបូរី នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ គិតប្រជុំពិភាក្សានេះធ្វើនៅសាលប្រជុំសាលាស្រុកមង្គលបូរី។
លោក អ៊ុច គ្រីស្តា មន្រ្តីគម្រោងប្រចាំខេត្តបន្ទាយមានជ័យ បានឡើងមានមតិលើកឡើងថា៖ សហគមន៍ អង្គការវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ(API)បានកំពុងអនុវត្តគម្រោងសម្លេង និងសកម្មភាពរបស់ប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជាដំណាក់កាលទី២ (២០២៣.២០២៥)ក្រោមជំនួយឧបត្ថម្ភគំទ្រថវិការពីព្រះវិហារជំនួយ ដេណឺម៉ាក(DCA) និងប្រេតដ៏ ហ្វរ ដឹវើលយ៍ (BFDW)បានខិតខំប្រឹងប្រែងប្រកបដោយសម្រេចគោលបំណងពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី យុវជន ជនជាតិដើមភាគតិច និងជនមានពិការភាព នៅក្នុងអភិបាលកិច្ចមូលដ្ឋាន ដើម្បីលើកកម្ពស់តម្លាភាព ការទទួលបានព័ត៌មាន ស្ដីពីសេវាច្រកចេញចូលតែមួយ សាធារណៈនិងពិភាក្សាស្វែងយល់ពីបញ្ហា និងដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងសហគមន៍។
ថ្លែងក្នុងឱកាសនោះលោកស្រី សែង វីរៈ និងលោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលយោបាយ(API) ដែលបានខិតខំប្រឹងប្រែងដោះស្រាយពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋរយៈពេលកន្លងមក។
លោក អភិបាលស្រុកមង្គលបូរី បានធ្វើការគាំទ្រ និងចូលរួមសហការណ៍ជាមួយសហគមន៍ទាំងអស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការអនុវត្តរាល់ការលំបាក និងបញ្ហាប្រឈមនានាដែលកើតមានឡើង ក្នុងការរួមគ្នាដោះស្រាយ។ ជាពិសេសក្នុងការផ្តល់សេវាសាធារណ:ជូនពលរដ្ឋក្នុងភូមិសាស្ត្រក្នុងសហគមន៍ឲ្យបានទាន់ពេលវេលា។
ជាលទ្ធផលជារួម៖ ដែលសហគមន៍បានលើកឡើងរួមមាន៖បញ្ហារំលោភយកដីបឹងសហគមន៍ធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន,បញ្ហាបទល្មើសលួចឆក់ខុសច្បាប់,បញ្ហាបង្ហាញពីតម្លាភាពថវិការបស់ឃុំ,បញ្ហាមូលនិធិសង្គមតាមរយៈផ្ដល់ប័ណ្ណ ប.ស.ស,និងការស្នើសុំឲ្យក្រុមយុវជនបានចូលរួមប្រជុំនៅរាល់ការដេញថ្លៃលទ្ធកម្មគម្រោងរបស់ក្រុមប្រឹក្សាឃុំ ឬក្នុងកិច្ចប្រជុំ។
ក្នុងឱកាសនោះលោក អភិបាលស្រុក កងកម្លាំងនគរបាលមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងមន្រ្តីគម្រោងបានឆ្លើយតប និងគាំទ្រយ៉ាងពេញទំហឹងលើបញ្ហាដែលបានលើកឡើង និងបានធ្វើការបកស្រាយភ្លាមៗជូនដល់ពួកគាត់ផងដែរ និងបញ្ហាដែលនៅសេសសល់នឹងរកវិធីដោះស្រាយជូនសហគមន៍ឲ្យទាល់តែបាន៕ដោយ៖ឃិន គន្ធា