ភ្ជួរដីចំការដាំដំឡូងជាន់មីនតោនមួយគ្រាប់ ផ្ទុះដាច់កង់ត្រាក់ទ័រ និងមនុស្សម្នាក់រងរបួស នៅខេត្តព្រះវិហារ !

0

ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ បុរសជាកសិករម្នាក់ បានបើកត្រាកទ័រភ្ជួរដីចំការពូនរងដំឡូង ដាំឱ្យទាន់ភ្លៀងធ្លាក់ដើមឆ្នាំ ក៏ត្រូវបានជាន់មីនតោន ១គ្រាប់ ផ្ទុះដាច់ត្រាក់ទ័រជាបំណែកៗ និងបង្ករដល់ម្ចាស់គ្រឿងចក្ររងរបួសស្រាល ក្នុងហេតុការណ៍ដែលបានកើតឡើងនៅម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី១៥ឧសភា២០២៤ ស្ថិតក្នុងភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នាយតំណាងមីនប្រចាំស្រុកជាំក្សាន្ត លោក លិញ យុត បានរាយការណ៍ថា ពិតជាមានករណីមីនតោន ១គ្រាប់ បានផ្ទុះឡើង គ្រាដែលបុរសជាកសិករម្នាក់ បានបើកត្រាក់ទ័រភ្ជួរដីចំការពូនរងដំឡូង ដើម្បីដាំឱ្យទាន់ភ្លៀងធ្លាក់ដើមឆ្នាំ ប៉ុន្តែ ត្រាក់ទ័របានជាន់ចំមីនតោន បណ្តាលឱ្យត្រាក់ទ័ររងការខូចខាតទាំងស្រុង និងអ្នកបើកបរត្រាក់ទ័ររងរបួសស្រាល។
លោក លិញ យុត បានបញ្ជាក់ថា អ្នកបើកបរត្រាក់ទ័រដែលរងរបួសស្រាលនោះ ឈ្មោះ ឡាត់ វ៉ាន់ណេត ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោយពេលកើតហេតុ បុរសរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលរបួស នៅមណ្ឌលសុខភាពសែនរុងរឿង៥ ស្ថិតក្នុងឃុំទឹកក្រហម ស្រុកជាំក្សាន្ត៕