(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ឯកឧត្តម យឹម លាត អគ្គទេសាភិបាលរហធនាគារជាតិនៃកម្ពុជា និងលោក ផា ដូហូនាយកប្រតិបត្តិធនាគារឯកទេសKDSB បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសហគមន៍កសិកម្មធនាគារKDSB ដែលស្ថិតនៅក្នុងការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកស្ទោង។
ថ្លែងនៅក្នុងកម្មវិធីនេះលោក សាយ គឹមឡម បាន ណែនាំដល់កសិករ និងម្ចាស់កសិដ្ឋាន ក៏ដូចជាសហគមន៍កសិកម្មទាំងអស់នៅក្នុងស្រុកស្ទោង ប្រសិនបើមានបញ្ហាបច្ចេកទេសឬចង់ប្រឹក្សាយោបល់ ពីការពង្រីកអាជីវកម្មកសិដ្ឋាន សូមអញ្ជើញទាក់ទងមកការិយាល័យ ឬមជ្ឈមណ្ឌលនេះ ក៏ដូចជាមន្ត្រីកសិកម្មឃុំ ដើម្បីទទួលបាននូវបច្ចេកទេសថ្មីៗ និងដើមទុនបន្ថែមតាមបែបកសិកម្មទំនើប ដើម្បីទិន្នផលនិងផលិតភាពជាការឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុជាសកលផងដែរ។
ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង ក៏បានណែនាំបន្ថែមដល់បងប្អូនអាជីវករត្រីងៀត សាច់ក្រក សាច់ងៀត ផ្អក ប្រហុកជាដើម។ នៅក្នុងស្រុកស្ទោងត្រូវផលិតនូវត្រីសាច់របស់ខ្លួនឲ្យបានល្អប្រសើរ ទាំងគុណភាពរសជាតិ អនាម័យ តម្លៃ ដើម្បីជាការលើកស្ទួយ ការលក់ក៏ដូចជាទាក់ទាញនូវ អតិថិជនចាស់ថ្មីទាំងអស់ ក៏ដូចជាដើម្បីបង្ហាញនូវសក្តានុពលសេដ្ឋកិច្ច ពិសេសរបស់របរនៅក្នុងស្រុកស្ទោងក្នុងការផលិតនូវត្រីសាច់ជាមួយកេរ្តិ៍ឈ្មោះល្បាញល្បី។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានជឿជាក់ថាក្រោយពីសម្ពោធមជ្ឈមណ្ឌលកសិកម្មនេះហើយ គឺជាផ្នែកមួយថែមទៀតក្នុងការជួយលើកកម្ពស់វិស័យកសិកម្ម ក៏ដូចជាកសិករ នៅក្នុងស្រុកស្ទោងឲ្យកាន់តែប្រសើរឡើងមួយកម្រិត។
លើសពីនេះឯកឧត្តម យឹម លាត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំធនាគារ KDSB ដែល សហការឧបត្ថម្ភក្នុងការជួយអភិវឌ្ឍន៍ស្រុកស្ទោងដូចជា ការបំពាក់សូឡានៅក្នុងភូមិជីមាស ឃុំម្សាក្រង អាងស្តុកទឹកស្អាតនិងប្រពន្ធចែកចាយនៅក្នុងភូមិស្រែក្រសាំង ឃុំពពក ការជួសជុលអគារសិក្សា និងស្រះទឹកនៅវិទ្យាល័យ ហ៊ុន សែន រុងរឿង និងការផ្ដល់អាហារូបករណ៍សិក្សារៀនសូត្រនៅមហាវិទ្យាល័យជូនដល់សិស្សនិស្សិតដែលជាមន្ត្រីរាជការនៅក្នុងរដ្ឋបាលស្រុកស្ទោងមួយចំនួនធំផងដែរ។
គួរបញ្ជាក់ផងដែរថា អគារមជ្ឈមណ្ឌលសហគមន៍កសិកម្មKDSBដែលដាក់សម្ពោធឲ្យប្រើប្រាស់នៅក្នុងឱកាសនេះមានទំហំ១៧ម៉ែត្រ×២៥ម៉ត្រ ព្រមទាំងបំពាក់នូវសម្ភារៈបរិក្ខារមួយចំនួនទៀតផងដែរ។ អត្ថបទលោក ឆុន ឆេងក្រឹម