ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿនរបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានថ្លែង ក្នុងពិធីប្រគល់សេចក្ដីសម្រេច ផ្លាស់ប្ដូរតួនាទី ភារកិច្ច ជូននាយទាហាន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាថ្ងៃទី១៥ឧសភា២០២៤ ដោយមានការចូលរួមពី មេបញ្ជាការរង ,នាយសេនាធិការ ,នាយសេនាធិការរង ,នាយការិយាល័យ, នាយផ្នែក ,មេបញ្ជាការក្រុង-ស្រុក និងវរសេនាតូចទាំង២ ចំណុះតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានផ្សព្វផ្សាយនូវបទបញ្ជារបស់ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ស្ដីអំពីការចុះបង្ក្រាប ការពារ ទប់ស្កាត់ បទល្មើសកាប់ព្រៃឈើអភិរក្សរបស់រដ្ឋយកដីធ្វើកម្មសិទ្ធិ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល នៅក្នុងភូមិសាស្ត្រខេត្ដព្រះវិហារ ជូនដល់នាយទាហាន និងនាយទាហានរង បានជ្រាប។
លោកឧត្តមសេនីយ៍ទោមេបញ្ជាការ បានដាក់បទបញ្ជាដល់បណ្តាកងឯកភាព ដែលឈរជើងនៅជាប់តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា- ថៃ និងឡាវ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងដើរល្បាតឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការពារអោយបាននូវបូរណភាពទឹកដី និងទប់ស្កាត់អោយបាន នូវរាល់បទល្មើសឆ្លងដែនផ្សេងៗ នៅក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង កោតកោតសរសើរ ដល់បណ្តាកងឯកភាពចំណុះទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អ នាពេលកន្លងមក និងនៅពេលនេះ ត្រូវជៀសចេញឲ្យឆ្ងាយ ពីការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ៕ដោយ៖ឡុង សំបូរ