រដ្ឋបាលខេត្តប៉ៃលិន អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

0

(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្ដមួយ» ដែលរៀបចំដោយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរ តំណាងនិយោជក និយោជិត និងកម្មករ កម្មការិនី នៅតាមសហគ្រាស គ្រឹះស្ថាននានាក្នុងខេត្តផងដែរ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ទិវាពលកម្មអន្តរជាតិ ១ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ ដែលចាប់ផ្តើមនាឆ្នាំ១៨៨៦ ក្នុងគោលបំណងធ្វើ ឲ្យប្រសើរឡើងនូវស្ថានភាពនៃលក្ខខ័ណ្ឌការងារ និងជីវភាពរស់នៅរបស់ប្រជាពលករ ដោយឡែកនៅកម្ពុជា ទិវាពលកម្មអន្តរជាតិ ១ ឧសភា ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ១៩៧៩ ហើយមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំណត់យកថ្ងៃទី ១ ឧសភា ជាថ្ងៃបុណ្យការងាររបស់ពលករកម្ពុជា និងជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ កម្មករ និយោជិតទាំងអស់ ដូចជាថ្ងៃបុណ្យជាតិ បុណ្យប្រពៃណី និងបុណ្យអន្តរជាតិនានាផងដែរ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ «រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានប្រសូត្រចេញពីការបោះឆ្នោត ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងមានតម្លាភាព ក៏ដូចជាក្នុងនីតិកាលកន្លងមក បានបន្តផ្តោតការយកចិត្តទុកដាក់ លើអាទិភាព ជាចម្បងក្នុងការបង្កើតការងារកាន់តែប្រសើរជូនប្រជាពលរដ្ឋ ជាពិសេស សម្រាប់យុវជន ដែលគិតត្រឹម ខែមីនា ឆ្នាំ២០២៤ មានយុវជនចំនួន ៣៤,២៦៧នាក់ (ស្រី ៩,៦០៦នាក់) កំពុងទទួលបានការ បណ្ដុះបណ្ដាល ក្នុងនោះចំនួន ១៦,២៦៧នាក់ ស្រី ២, ២២៣នាក់ កំពុងទទួលបានការបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈកម្រិត១»។

នៅក្នុងឱកាសនោះផងដែរ លោកបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត ដែលបានរួមសហការល្អជាមួយស្ថាប័នពាក់ព័ន្ធនានា ធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងផ្សព្វផ្សាយអប់រំ ជាប្រចាំដល់និយោជក និយោជិត កម្មករ កម្មការិនី ឲ្យបានយល់ច្បាស់ពីច្បាប់ ស្តីពីការងារ បង្ការទប់ស្កាត់ វិវាទការងារ និងបង្កើតឡើងនូវភាពយោគយល់គ្នាក្នុងទំនាក់ទំនងវិជ្ជាជីវៈ រវាងភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ហើយខិតខំប្រកបរបរទទួលទាន លើកកម្ពស់ជីវភាពរស់នៅ និងពង្រឹងជំនាញវិជ្ជាជីវៈ ពីព្រោះការងារ គឺជាកត្តាគន្លឹះកំណត់នូវកម្រិតជីវភាព និងជាមធ្យោបាយ ដ៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយភាពក្រីក្រ។

បើតាមរបាយការណ៍របស់លោក ភី ឡងឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឱ្យដឹងថា៖ ខេត្តប៉ៃលិន មានសហគ្រាស/គ្រឹះស្ថាន សរុបចំនួន ១៦៧ មានបុគ្គលិកសរុបចំនួន ៣៧២៥នាក់ ហើយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបណ្តុះបណ្តាលកម្រឹតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ C2, C3 (រយៈពេល១ឆ្នាំ) មានចំនួន ៧វគ្គ ដែលមានសិស្សសរុបចំនួន ១៥៩នាក់ ស្រី ៦១នាក់ និងបានបណ្តុះបណ្តាលជំនាញ ជូនដល់យុវជន ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ សរុបចំនួន ២២៨នាក់ ស្រី ៧៦នាក់ផងដែរ ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន