ខេត្តព្រះសីហនុ៖លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានបញ្ជាក់ប្រាប់ឲ្យដឹងថានៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុមានរៀបចំការប្រកួតកីឡាបាល់ទាត់មហាជនពានរង្វាន់ឯកឧត្តម គួច ចំរើន ឆ្នាំ២០២៤មានរយៈពេល ៩សប្តាហ៍ មានក្រុមកីឡាករចូលរួមប្រកួត ១៦ក្រុម ចែកចេញជា ៤ពូល A,B,C,D ប្រកួតស្មើនឹង ៣២ប្រកួត។ ហើយជាលទ្ធផលទទួលបានលេខ០១ បានទៅក្រុមកីឡាករកងរាជអាវុធហត្ថស្រុកព្រៃនប់ លេខ២ ក្រុមកីឡាយុវជន ឃុំបឹងតាព្រហ្ម លេខ៣ ក្រុមកីឡាករអធិការដ្ឋានគរបាលស្រុកព្រៃនប់។ ក្រៅពីជ័យលាភីទាំង ៣ខាងលើ ក៏មានពានជ័យលាភីដូចជា ស្បែកជើងមាស ស៊ុតបញ្ចូលទីបានគ្រាប់បាល់ច្រើន ស្រោមដៃមាស ក្រុមកីឡាករទទួលបានកាតពិន័យក្នុងការប្រកួតច្រើនជាងគេ។ ទន្ទឹមនឹងការប្រកួតកីឡាមហាជន ក៏មានកីឡាវ័យចាស់ចូលរួមប្រកួតចំនួន ៤ក្រុម ប្រកួតជាមិត្តភាព និងដើម្បីសុខភាពផងដែររួមមាន៖ ១-វ័យចាស់ ស.ស.យ.ក.ឃុំអូរជ្រៅ ២-អិចទីហាដ ៣-កងរាជអាវុធហត្ថ ៤.ហង្សមាស។
ពានរង្វាន់ជ័យលាភី ដែលក្រុមកីឡាករកងរាជអាវុធហត្ថស្រុកព្រៃនប់ ទទួលបានពានរង្វាន់លេខ១ រួមមានមេដាយមាស និងថវិកា ១០លានរៀល។ លេខ២ យុវជនបឹងតាព្រហ្ម ពានមួយ មេដាយប្រាក់ និងថវិកា ៧លានរៀល និងលេខ៣ ក្រុមកីឡាករអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ពាន១ មេដាយសំរិទ្ធ និងថវិកា ៥លានរៀល។
ក្នុងឱកាសផ្តល់ពានរង្វាន់ជ័យលាភីដល់ក្រុមកីឡាករនារសៀលថ្ងៃទី១៩ខែ ឧសុភាឆ្នាំ២០២៤ .ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ឆ្នាំ២០២៤ ដោយសង្កត់ធ្ងន់ថា ការលេងកីឡានាំមកនូវសុខភាពសម្រាប់មនុស្សគ្រប់រូបមានសុខភាពល្អ និងជាធនធានដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងមានការអភិវឌ្ឍរីកចម្រើនក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់លើវិស័យអប់រំកាយ និងកីឡា ដែលជាផ្នែកមួយដ៏សំខាន់របស់វិស័យអប់រំ ក្នុងការលើកកម្ពស់សុខមាលភាពរាងកាយ បញ្ញាស្មារតី មិត្តភាព សាមគ្គីភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងឧត្តមភាពជាតិលើឆាកអន្តរជាតិ តាមរយៈការប្រកួតកីឡាគ្រប់ប្រភេទ ដើម្បីលើកស្ទួយវិស័យកីឡាឱ្យមានការរីកចំរើនទាំងបរិមាណ គុណភាព និងលទ្ធផលល្អក្នុងការប្រកួតគ្រប់លំដាប់ថ្នាក់។ មិនតែប៉ុណ្ណោះការលេងកីឡាធ្វើឱ្យប្រជាជន និងយុវជនរបស់យើងគ្រប់រូបជៀសផុតពីការទំនេរទៅធ្វើសកម្មភាពផ្តេសផ្តាសបង្កជាក្រុមបងតូច បងធំ ជៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងការប្រព្រឹត្ដអំពើអបាយមុខផ្សេងៗ ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារជាដើម ដែលបង្កឱ្យមានអសេ្ថរភាពក្នុងសង្គមជាតិ។ កីឡាករត្រូវទទួលយកនូវលទ្ធផលចាញ់.ឈ្នះ ដែលជាធាតុចូលដ៏សំខាន់នៃសេចក្តីថ្លៃថ្នូរ និងស្របតាមគោលការណ៍យុត្តិធម៌ និងមិត្តភាព។
ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការកោតសរសើរចំពោះក្រុមកីឡាករដែលបានខិតខំប្រឹងប្រែងប្រកួតយ៉ាងស្វិតស្វាញ ស្វាហាប់ បញ្ចេញនូវបច្ចេកទេស ទោះបីអាកាសធាតុមិនអំណោយផលយ៉ាងណា តែក្រុមកីឡារបស់យើងធ្វើការប្រកួតដោយស្មារតីសាមគ្គីភាព មិត្តភាព ផ្តើមចេញពីការប្រកួតរបស់ក្រុមនិមួយៗនាពេលកន្លងមក ធ្វើឱ្យយើងរកឃើញនូវលទ្ធផលត្រឡប់មកវិញ គឺការគាំទ្រសាទរពីមហាជនទទួលបានជ័យលាភីនាពេលនេះ។ ការទទួលពានរង្វាន់ថ្ងៃនេះ គឺជាគំរូសម្រាប់ជ្រើសរើសបានកីឡាករល្អ ត្រូវយល់ថាភាពជោគជ័យរបស់យើង គឺកើតចេញពីការផ្តល់នូវកិច្ចសហការគ្នាសាមគ្គីភាពគ្នាបានយ៉ាងល្អ។ ក្នុងនោះកត្តាសំខាន់មួយទៀត គឺគណៈកម្មការរៀបចំការប្រកួត និងអ្នកពាក់ព័ន្ធនានាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលដោះស្រាយនូវរាល់បញ្ហាប្រឈមនានា នៃការប្រកួតឆ្នាំនេះកាន់តែមានសុក្រឹតភាព និងទទួលបាននូវលទ្ធផលជាវិជ្ជមាន ដែលយើងទាំងអស់គ្នាអាចទទួលយកបាន។ ឯកឧត្តម អភិបាលខេត្ត សង្ឃឹមថា នៅប៉ុន្មានឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជាកីឡាករជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន ប្រសិនបើយើងមានការខិតខំ និងចូលរួមគាំទ្រវិស័យកីឡារបស់កាន់តែផុលផុសបន្ថែមទៀត៕
នាគសមុទ្រ