អាជ្ញាធរខេត្តព្រះវិហារ ប្រារព្ធទិវាជាតិនៃការចងចាំ ដើម្បីដាស់ស្មារតីប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប អោយចងចាំជានិច្ច និងទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលមកក្នុងសង្គមកម្ពុជា វិញជាដាច់ខាត !

0

ខេត្តព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ បានប្រារព្ធទិវាជាតិ នៃការចងចាំ ២០ឧសភា ដើម្បីដាស់ស្មារតីប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប កុំឱ្យភ្លេចពីរបបកម្ពុជា ប្រជាធិបតេយ្យ ដែលជារបបប្រល័យពូជសាសន៍ដ៏យង់ឃ្នង និងត្រូវរួមគ្នាទប់ស្កាត់របបដ៏ខ្មៅងងឹតនេះ មិនឱ្យវិលត្រឡប់មកសារថ្មីវិញបានជាដាច់ខាត នៅក្នុងសង្គមកម្ពុជា ។

ទិវាជាតិនៃការចងចាំ ២០ឧសភា២០២៤ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក អ៊ុង វុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ និងលោក ខូយ ឃុនហូរ សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ ដោយមានការចូលរួមពី គណៈអភិបាលខេត្ត ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅមណ្ឌលឧក្រិដ្ឋកម្មតំបន់១០៣ នៃរបបប្រល័យពូជសាសន៍ប៉ុលពត ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ។

អភិបាលរងខេត្តព្រះវិហារ លោក អ៊ុង វុឌ្ឍី ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, លោកបានថ្លែង ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ដែលលោកតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន គ្រប់កាលៈទេសៈ និងជាថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ ប៉ិនប្រសព្វក្នុងការដឹកនាំប្រទេសជាតិ បន្តថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។

លោក អ៊ុង វុឌ្ឍី បានថ្លែងថាយើងជួបជុំគ្នាប្រារព្ធទិវាជាតិ នៃការចងចាំនៅថ្ងៃនេះ ស្ថិតក្រោមបរិយាកាសសោមនស្សរីករាយ ប្រកបដោយស្នាមញញឹម ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចធិបតី ដែលបានបន្តមរតកនយោបាយពីសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានលះបង់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង តស៊ូរំដោះជាតិ សង្គ្រោះអាយុជីវិតប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ដ៏យង់ឃ្នងខ្មៅងងឹត និងស្វែងរកសុខសន្តិភាពជូនជាតិ មាតុភូមិ តាមរយៈការអនុវត្ត«នយោបាយឈ្នះឈ្នះ»។

លោក អ៊ុង វុឌ្ឍី បានថ្លែងទៀតថា  របបកម្ពុជា ប្រជាធិបតេយ្យ (ខ្មែរក្រហម)  ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺជារបបវាលពិឃាត ប្រល័យពូជសាសន៍ជាតិឯង ពោរពេញដោយសោកនាដកម្ម ការឈឺចាប់ ការស្រេកឃ្លាន ការកាប់សម្លាប់ រងនូវអំពើអមនុស្សធម៌ អយុត្តិធម៌ និងអំពើយង់ឃ្នងយ៉ាងព្រៃផ្សៃបំផុត មកលើប្រជាជនកម្ពុជាស្លូតត្រង់ នេះគឺជារឿងរ៉ាវប្រវត្តិសាស្ត្រ ដែលបានកើតឡើងយ៉ាងពិតប្រាកដ នៅក្នុងសង្គមកម្ពុជា កាលពីអតីតកាល។​

លោក អ៊ុង វឌ្ឍី បានបន្តថា ផ្តើមចេញពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ និងការអនុវត្តគោលនយោបាយ«ឈ្នះឈ្នះ» បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យទូទាំងប្រទេស ដែលទាំងអស់នេះជាគុណូបការៈ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដូចក្នុងទ្រឹស្តីមួយថា «ទទួលទានទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ» ដូច្នេះក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះវិហារ សូមធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមគាំទ្រ ការដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រនានា ពិសេស គឺការអនុវត្តគម្រោងព្រែកជីក«ហ្វូណន-តេជោ»។

អភិបាលរងខេត្តព្រះវិហារ លោក អ៊ុង វឌ្ឍី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយ ត្រូវចងចាំទុក និងចូលរួមទប់ស្កាត់ កុំឱ្យមានអំពើព្រៃផ្សៃនេះ កើតមានឡើងក្នុងសង្គមកម្ពុជា សារជាថ្មីម្តងទៀតបានឱ្យសោះ ហើយក្នុងនាមជាយុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ ត្រូវរួបរួមសាមគ្គីគ្នាជាកម្លាំងចលករមួយ ចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនតរៀងទៅ៕ដោយ៖ឡុង សំបូរ