(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំនិងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ព្រះចៅអធិការវត្តឌួងសូរិយា លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តកំពង់ធំ លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង១.៥០០នាក់ បានអញ្ជើញចូលរួម ទិវាជាតិនៃការចងចាំ២០ ឧសភា នៅវត្តឌួងសូរិយា(ហៅវត្តក្តីដូង) ស្ថិតនៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
ថ្លែងនៅក្នុងកម្មវិធីនេះលោកជំទាវ លំ គន្ធារី មានប្រសាសន៍ ពីទិវាជាតិនៃការចងចាំ ២០ ឧសភា ដល់អ្នកចូលរួមគឺ:ដោយប្រទេសកម្ពុជាជួបបញ្ហាសង្រ្គាម រយៈពេល០៣ឆ្នាំ ០៨ខែ ២០ថ្ងៃ ប្រជាជនកម្ពុជាមួយចំនួនត្រូវជម្លៀសចេញពីទីក្រុង លុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់នូវការចាយលុយផ្សេងៗ បានបិទទ្វារសាលារៀន មន្ទីរពេទ្យ និងវត្តអារាម មិនមានដំណើរការសហការទូទាំងប្រទេស បានបោសសម្អាតភ្នាក់ងារចោរកម្ម ដាក់ពង្រាយកងទ័ពតាមព្រំដែន។ ស្របពេលប្រទេសជាតិជួបប្រទះគ្រោះអាសន្ន នៅមានឮសំឡេងឈឺចាប់ ខ្លោចផ្សា និងអស់សង្ឃឹមលាយឡំ នឹងទឹកភ្នែករបស់ប្រជាពលរដ្ឋ សំលៀកបំពាក់ខ្មៅតោកយ៉ាក រូបកាយស្គមស្គាំង ខ្វះជម្រក ខ្វះអាហារ មានផ្លូវអត់មនុស្សដើរមានជណ្ដើរអត់មនុស្សឡើង មានផ្ទះអត់មនុស្សនៅផងដែរ។
លោកជំទាវអភិបាលរងខេត្តកំពង់ធំ ក៏បានបន្តទៀតថា ដោយសារការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានសន្តិភាព ទើបមានសេចក្តីសុខ សុភមង្គលនៅក្នុងក្រុមគ្រួសារ ប្រជាពលរដ្ឋរួចចាកផុតពីជាភាពក្រលំបាកដោយមានការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយសារប្រទេសជាតិរួចពីសង្គ្រាមទើបមាននយោបាយឈ្នះ ឈ្នះ ដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាពយូរអង្វែង សូមបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារសន្តិភាពឲ្យបានគ្រប់គ្រាន់ ពិសេសកុំបំផ្លាញសុភមង្គលក្រុមគ្រួសាររបស់ខ្លួន ណែនាំដល់កូនចៅឲ្យដឹងពីទុក្ខលំបាករបស់បងប្អូន ពីសម័យសង្គ្រាមធ្វើឱ្យបងប្អូនយើងឈឺចាប់យ៉ាងខ្លាំងមិនអាចបំភ្លេចបាន។
លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ពីទិវានៃការចងចាំនេះសូមចូលរួមថែរក្សា និងការពារសុខសន្តិភាពឱ្យបានគង់វង្ស កុំឲ្យកើតឡើងមានបន្តទៀត មានសុខសន្តិភាព គឺធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍគ្រប់លំដាប់ ជាមូលដ្ឋានគ្រឹះ សុខដុមរមនា រួមសុខរួមទុក្ខជាមួយប្រជាជនទូទាំងប្រទេសជាតិកម្ពុជាទាំងមូល។ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំទិវាជាតិនៃការចងចាំនេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានយល់ បានដឹង ជាព្រឹត្តិការណ៍ធ្វើឡើងជារៀងរាល់ឆ្នាំ ចាត់ទុកជាប្រវត្តិសាស្ត្រ រក្សាទុកឲ្យក្មេងជំនាន់ក្រោយបានស្គាល់ពីប្រវត្តិសាស្រ្តដ៏លំបាកដែលប្រទេសកម្ពុជាជួបនឹងសង្គ្រាម។
គួរបញ្ជាក់ផងដែរថា ទិវាជាតិ២០ ឧសភា នៃការចងចាំ បានរៀបចំពិធីរាប់បាត្រដល់ព្រះសង្ឃដើម្បីឧទ្ទិសកុសលដល់បុព្វបុរសបានពលីកម្ម ដែលបានចែកឋាន ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ អត្ថបទលោក ធូ កែវមុន្នី