(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែឧសភា ឆ្នាំ២០២៤ និងដាក់ចេញនូវទិសដៅអនុវត្តបន្ត ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
លោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខ ដែលអនុវត្តសម្រេចបានក្នុងខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ។ បន្ទាប់មកលោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយយសេនាធិការ បានបញ្ជាក់ជូននូវទិសដៅភារកិច្ចមួយចំនួន ដែលត្រូវអនុវត្តបន្តនៅក្នុងខែមិថុនា ឆ្នាំ២០២៤ ។ បន្ទាប់មកសមាជិកសមាជិកានៃអង្គប្រជុំ បានឡើងមានមតិចូលរួមក្នុងការកែសម្រួលនិងបំពេញបន្ថែម ក្នុងរបាយការណ៍ ដែលបានអនុវត្តកន្លងមក និងទិសដៅ ដែលត្រូវអនុវត្តបន្ត ដើម្បីរួមគ្នាអនុវត្តឲ្យទទួលបានជោគជ័យតាមផែនការ ដែលថ្នាក់លើ បានប្រគល់ជូន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះមេបញ្ជាការគ្រប់កងឯកភាព នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ។ ពិសេសកិច្ចសហប្រតិបត្តិការក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលឆ្លងកាត់និងបំពេញភារកិច្ចក្នុងខេត្តកំពង់ធំ ជាមួយនោះដែរក៏បានត្រៀមបម្រុង និងប្រើប្រាស់កម្លាំងក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាព ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ទទួលបានជោគជ័យ និងសុវត្ថិភាព ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ភារកិច្ចចាំបាច់មួយចំនួន ដែលត្រូវអនុវត្តបន្តរួមមាន:ទី១/ ត្រូវចូលរួមអនុវត្តន៍ នឹងធ្វើជាសេនាធិការ ជូនគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ស្រុក ក្រុង ក្នុងការប្រើប្រាស់កម្លាំងសរុប វិធានការសរុប មធ្យោបាយសរុប ក្នុងកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ។ ទី២/ ត្រៀមរៀបចំការទៅចូលរួមអបអរសាទរខួបលើកទី១៧ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណ:កម្មាធិការសមាគមអតីតយុទ្ធជនកកម្ពុជា។ ទី ៣/ ត្រូវបន្តសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងការបម្រើអតីតយុទ្ធជន និងប្រជាជននៅតាមមូលដ្ឋាននានា ឲ្យអស់ពីចិត្តពីថ្លើម ដោយអនុវត្តតាមទិសស្លោកកងទ័ពជាកូនចៅរបស់ប្រជាជន អ្វីៗដើម្បីប្រជាជន។ អត្ថបទតំបន់សឹករងកំពង់ធំ