អាជ្ញាធរខេត្តកំពង់ចាម និមន្តព្រះសង្ឃ ៧៩អង្គ រាប់បាត្រ ក្នុងឱកាសប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា នៅមណ្ឌលឧក្រិដ្ឋកម្ម ភ្នំប្រុស ស្រុកកំពង់សៀម

0

កំពង់ចាម​:​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ និង​ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សា​ខេត្ត​ បានដឹកនាំមន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ លោកគ្រូ​ អ្នក​គ្រូ​ សិស្សានុសិស្ស​​ និងបងប្អូនប្រជាពលរដ្ឋ​ សរុប​ជាង​៦០០នាក់​ ប្រារព្ធ​ទិវាជាតិនៃការចងចាំ ២០​ ឧសភា នៅបរិវេណមណ្ឌលឧក្រិដ្ឋកម្ម វត្តសុវណ្ណគីរីរតនៈ ភ្នំប្រុស ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម​ នាព្រឹកថ្ងៃទី​២០​ ខែឧសភា​ ឆ្នាំ​២០២៤​ ព្រមទាំង​បាន​និមន្ត​ព្រះសង្ឃ​ ៧៩អង្គ​រាប់បាត្រ​ ដើម្បី​ឧទ្ទិស​កុសល ជូន​ដល់​អ្នកស្លាប់ ក្នុង​របប​ខ្មែរក្រហម ។

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ​អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ថ្ងៃ​២០​ឧសភា ជា​ទិវា​ជាតិ​នៃ​ការចង់ចាំ​” ដែល​រំ​ឮ​ក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​បាន​កើតឡើង​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត ចន្លោះ​ពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​៦​ មករា ឆ្នាំ​១៩៧៩​។ ថ្ងៃ​២០​ ឧសភា ត្រូវបាន​រាជរដ្ឋាភិបាល កំណត់​ជា​ថ្ងៃបុណ្យ​ជាតិ ដែល​ត្រូវ​ឈប់សម្រាក​សាធារណៈ​ ស្របតាម​អនុក្រឹត្យ​លេខ​១៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨​។​ គោល​បំ​ណ​នៃ​ទិវា​ជាតិ​នៃ​ការចងចាំ ថ្ងៃ​២០​ឧសភា គឺ​បង្កើតឡើង ដើម្បី​រំឭក និង​គោរព​វិញ្ញាណក្ខន្ធ និង​ធ្វើ​បុណ្យឧទ្ទិសកុសល​ដល់​ជនរងគ្រោះ ដែល​បាន​ស្លាប់​ជាង ៣​លាន​នាក់ នៅក្នុង​របប​ប៉ុលពត​ដ៏​ឃោរឃៅ​នោះ​ ។​

ឯកឧត្ដម​អភិបាលខេត្ត ​លើកឡើងថា​ ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលុប បានដឹង និង​យល់ច្បាស់​អំពី​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​ជូរចត់ ក្នុង​របប​ខ្មែរក្រហម ដែលជា​ការកាប់សម្លាប់​បំផ្លិចបំផ្លាញ ការជម្លៀស​ចេញពី​ទីលំនៅ​របស់ខ្លួន ដោយ​បង្ខំ និង​ការបង្ខំ​ឱ្យធ្វើ​ការ​ដូច​សត្វ​គ្មាន​ពេល​សម្រាក ពេល​ឈឺ គ្មាន​ថ្នាំសង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​ឆ្អែត គ្មាន​សិទ្ធិសេរីភាព គ្មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​សូម្បីតែ​សិទ្ធិ​រស់រានមានជីវិត ដែលជា​សិទ្ធិ​មូលដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ នៅក្នុង​របប​ខ្មែរក្រហម ប៉ុលពត រយៈពេល ៣​ឆ្នាំ ៨​ខែ និង ២០​ថ្ងៃ​ ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានគូសបញ្ជាក់ថា​ រយៈពេល ៤៥ឆ្នាំ កន្លងទៅនេះ បន្ទាប់ពីជ័យជម្នះ លើរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅដែលពុំ នឹកស្មានដល់ ជាពិសេស ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកម្ពុជា មានសន្តិភាព ពេញលេញ។ កម្ពុជាដែលពីមុនកើតមានសង្គ្រាមមិនចេះចប់ និងជាទឹកដីនៃវាលពិឃាតដ៏យង់ឃ្នង បំផុត បានប្រែក្លាយទៅជាទឹកដីដ៏ស្រស់បំព្រងប្រកបដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រជាជនបានធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ហើយកំពុងរស់នៅយ៉ាងសុខសាន្ត សុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិទាំងមូល​ផងដែរ​ ៕