ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ អមដំណើរដោយលោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងស្ទឹងសែន បានទៅត្រួតពិនិត្យសកម្មភាពអនុវត្តបទបញ្ជា
របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងផែនការប្រើប្រាស់កម្លាំងសរុបមធ្យោបាយសរុប វិធានការសរុប ក្នុងការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅតំបន់ខ្ទុមមួយដើម ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំងស្ថិតនៅក្នុងតំបន់៣ ជាប់មាត់បឹងទន្លេសាប ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោក ឆូយ កុសល់ អភិបាលរងក្រុងស្ទឹងសែន និងប្រធានទីបញ្ជាការស្រាលប្រចាំទិសខ្ទុមមួយដើម និងតំបន់គោកព្រះ បានរាយការណ៍អំពីសភាពការណ៍ទូទៅមួយចំនួន ស្ដីពីការការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ។ កងកម្លាំងចម្រុះគ្រប់ស្ថាប័ន ដែលមានការពាក់ព័ន្ធ បានចេញ
ធ្វើសកម្មភាពល្បាតក្នុងភូមិសាស្ត្រទទួលខុសត្រូវជាប់ជាប្រចាំ ដោយបានធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ កុំឲ្យមានការរំលោភបំពានជាថ្មី ហើយជាលទ្ធផលក្នុងរយៈពេលអនុវត្តភារកិច្ចកន្លងទៅនេះ មិនមានប្រជាពលរដ្ឋធ្វើសកម្មភាពកាប់រៀនទន្ទ្រានជាថ្មីទៀតឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ និងកោតសរសើរដល់កងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចនឿយហត់ ក្នុងបុព្វហេតុការពារគ្រប់គ្រងធនធានធម្មជាតិតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងផែនការប្រើប្រាស់កម្លាំងសរុបបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។ទទួលបានជោគជ័យគួរជាទីមោទនៈ។
ឧក្អែកត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំភារកិច្ចចាំបាច់មួយចំនួន ដែលត្រូវអនុវត្ត ដោយត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយជូនប្រជាជនឲ្យបានយល់ជ្រួលជ្រាប កុំឱ្យពួកគាត់មានការកាប់ទន្ទ្រានយកដីរដ្ឋជាថ្មី នាំឱ្យប្រឈមមុខចំពោះផ្លូវច្បាប់ ដោយមិនមានការលើកលែងឡើយ ហើយជាមួយនោះដែរ កងកម្លាំងសរុបទាំងអស់ ត្រូវការពារ ទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន នូវការកាប់ទន្ទ្រានយកដីរដ្ឋ ដោយខុសច្បាប់ក្នុងតំបន់៣ ដែលជាតំបន់ហាមឃាត់ជាដាច់ខាត។
នៅក្នុងឱកាសត្រួតពិនិត្យសកម្មភាពការងារនេះ ឧត្តមសេនីយ៍ សោម ស៊ុន បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួនជូនដល់កម្លាំងសរុប ដែលកំពុងបំពេញភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់៣ ស្ថិតនៅក្នុងភូមិសាសន៍ក្រុងស្ទឹងសែន ខេត្តកំពង់ធំផងដែរ។អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។




































