កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការគ្រប់គ្រងចំណូលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើពុំដូច្នោះទេ ពោលគឺយេីងត្រូវចាយវាយដោយមានការប្រុងប្រយ័ត្ន គឺដូរជាមនុស្សកញ្ចេីធ្លុះអញ្ចឹងដែរ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យអំពីស្ថានភាពប្រមូលចំណូលរបស់មន្ទីរ-អង្គភាពជំនាញ នៅសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នេីដល់មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ត្រូវខិតខំគៀងគររកប្រាក់ចំណូលឱ្យអស់លិទ្ធភាព ដោយមេីលឱ្យបានវែងឆ្ងាយ ចំពោះប្រភពចំណូល ដែលយើងគិតថាអាចរកបានបន្ថែមទៀត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពោលគឺត្រូវប្រមូលថវិកានៃការ សុំច្បាប់បេីកអាជីវកម្ម ឬការបម្រើសេវាសាធារណៈតាមច្បាប់កំណត់ ។
ឯកឧត្ដមអភិបាលខេត្ត បានជំរុញមន្ត្រីពាក់ព័ន្ធ ត្រូវរាយការណ៍មកគណៈអភិបាលខេត្ត ជារៀងរាល់ខែ ចំពោះរបាយការណ៍បូកសរុបនូវប្រភពចំណូលផ្សេងៗ ដែលមានឯកឧត្តម លី សារ៉ារិទ្ធ ដឹកនាំធ្វើការជាមួយទីចាត់ការហិរញ្ញវត្ថុ ដេីម្បីស្វែងរកវិធីធ្វើការងារដោះស្រាយ នៅពេលមានបញ្ហាអ្វីមួយកេីនឡេីង ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំឱ្យទីចាត់ការផែនការ និងវិនិយោគ ត្រូវជំរុញការអនុវត្តគម្រោងឱ្យបានលឿន បន្ទាប់ពីសិក្សារួចរាល់ហើយនោះ ពោលគឺចំពោះគម្រោងដែលបានគ្រោងហើយនោះ ត្រូវដាក់ធ្វើការដេញថ្លៃហើយអនុវត្តតែម្ដង ជៀសវាងមិនធ្វើអ្វីសោះចេះតែរងចាំៗនោះ ៕