អភិបាលស្រុកស្ទោង បានណែនាំដល់កសិករត្រូវផលិតពូជស្រូវឱ្យមានគុណភាពខ្ពស់ 

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២១ ខែឧសភាឆ្នាំ ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោក អោម ពេជ  ប្រធាននាយកដ្ឋានដំណាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីក្រុមប្រតិបត្តិបរិស្ថានក្នុងអំឡុងពេលសាងសង់ សម្រាប់ការកសាងឃ្លាំងស្តុក និងទីលានសម្ងួតគ្រាប់ពូជស្រូវ នៅសហគមន៍កសិកម្មភូមិស្លាមានជ័យក្តីសង្ឃឹម ដែលស្ថិតនៅក្នុងភូមិស្លា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងពិធីសិក្ខាសាលានេះលោក សាយ គឹមឡម បានណែនាំដល់កសិករក៏ដូចជាសមាជិកសមាជិកានៃសហគមន៍ទាំងមូលត្រូវផលិតគ្រប់ពូជស្រូវប្រកបដោយគុណភាព និងមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីលក់និងយកទៅដាំដុះទទួលបាននូវគុណភាពនិងទិន្នផលខ្ពស់ ដែលជាផ្នែកមួយនៃការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារក៏ដូចជាចំណូលខ្ពស់បន្ថែមទៀតដល់សមាគមផងដែរ។

ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់រដ្ឋបាលឃុំទ្រា ត្រូវសិក្សានិងកសាងបន្ថែមទៀតនូវប្រព័ន្ធធារាសាស្ត្រឲ្យបានស្អេកស្កះ ដើម្បីឆ្លើយតមទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះដែរលោក អោម ពេជ  ប្រធាននាយកដ្ឋានដំណាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានសម្របសម្រួលគម្រោង (រ៉ាយ អេស ឌី ភី ) បានមានជំនឿត្រជាក់យ៉ាងមុតមាំថាក្រោយពីសាងសង់ឃ្លាំងស្តុកនិងទីលានសម្ងួតគ្រាប់ពូចស្រូវនេះរួចហើយកាលណា ពិតជាជំរុញកំណើនផលិតកម្មស្រូវ និងការនាំចេញរបស់កសិករសមាគមន៍នេះឲ្យកាន់តែខ្ពស់ឡើងថែមទៀត ជាពិសេសការផ្គត់ផ្គង់និងប្រកួតប្រជែងទីផ្សារសកល។

គួរបញ្ជាក់ផងដែរថា ឃ្លាំងស្តុកនេះមានទំហំ១២ម៉ែត្រ×១៥ម៉ែត្រ និងទីលានសម្ងួតមានទំហំ២៥០ម៉ែត្រការេ។អត្ថបទលោក ធូ កែវមុន្នី