កំពង់ចាម: ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់ នូវស្ថានភាពផ្លូវ ដែលរងការខូចខាតប្រវែងប្រមាណជា ៨ គីឡូម៉ែត្រ ដើម្បីរៀបចំគម្រោងជួសជុលឡើងវិញ សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងឃុំចំនួន ៤ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម បានមានប្រសាសន៍ឲ្យដឹងថា ផ្លូវក្រាលកៅស៊ូមួយខ្សែ មានប្រវែងប្រមាណជា ៨ គីឡូម៉ែត្រ ដែលភ្ជាប់ចរាចរណ៍ប្រជាពលរដ្ឋធ្វើដំណើរ មានឃុំចំនួន ៤ ក្នុងនោះគឺ ឃុំបាធាយ ឃុំជើងព្រៃ ឃុំត្រប់ ឃុំសណ្ដែក ក្នុងស្រុកបាធាយ ។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តទៀតថា ដោយសារផ្លូវនោះរងការខូចខាតដោយជំនន់ទឹកភ្លៀង កាលពីឆ្នាំកន្លងទៅ។ ហេតុដូច្នេះហើយ ទើបក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តកំពង់ចាម បានកំណត់យកថ្ងៃនេះ ដើម្បីចុះពិនិត្យ និងសិក្សាពីលទ្ធភាព ដើម្បីធ្វើការជួសជុលបន្ទាន់ ទប់ស្កាត់កុំឲ្យផ្លូវនោះរងការខូចខាតបន្តទៀត និងជួយបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នារដូវវស្សានេះ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងទៀតថា ទន្ទឹមនឹងការចុះពិនិត្យ ដើម្បីជួសជុលផ្លូវដែលរងខូចខាតខាងលើនោះ ក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តកំពង់ចាម បានចុះសិក្សា ដើម្បីសាងសង់ផ្លូវមួយខ្សែបន្ថែមទៀត ភ្ជាប់ជាមួយស្រុកជុំគីរី ខេត្តកំពង់ឆ្នាំង ដែលគម្រោងនេះនឹងត្រូវសាងសង់នៅឆ្នាំ២០២៥ ក្នុងកញ្ចប់ថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ ៕