អភិបាលស្រុកស្ទោង បានលើកឡើងថាការផ្ដល់ប័ណ្ណសមធម៌គឺជាការចូលរួមកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន

0

(កំពង់ធំ)÷ លោក សាយ គឹមឡម បានថ្លែងដូច្នេះ នៅក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញ ជាអធិបតីភាពក្នុងពិធីចែកប័ណ្ណសមធម៌ជូនពលរដ្ឋក្រីក្រ និងងាយរងហានិភ័យនៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅសាលាឃុំចំណាលើ។

ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានជាពិសេស សមាជិកភូមិ អនុប្រធានភូមិ ប្រធានភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងរដ្ឋបាលឃុំទាំងមូលត្រូវយកចិត្តទុក្ខដាក់ខ្ពស់ពីសុខទុក្ខ និងសុវត្ថិភាពប្រជាពលរដ្ឋ ពីព្រោះក្រុមនេះហើយដែលនៅជិតស្និទ្ធនឹងប្រជាពលរដ្ឋជិតជាងគេបំផុត សូមអាជ្ញាធរមូលដ្ឋានកុំធ្វើខ្លួនជាមន្ត្រីជើងដប់ មិនព្រមចុះជួបនិងស្វែងយល់ពីបញ្ហាប្រឈមនិងតម្រូការជាក់ស្តែងប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្លួន។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានណែនាំដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ ត្រូវសហការគ្នា ពង្រឹងគុណភាពប្រសិទ្ធភាព០ ដើម្បីផ្ដល់ជូនសេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និមានការជឿជាក់ពីគ្រប់ស្រទាប់មហាជន ។

លើសពីនេះលោកអភិបាលស្រុកស្ទោង បានណែនាំបន្ថែមទៀតដល់ប្រជាពលរដ្ឋក្នុងឃុំចំណាលើ សូមជួយថែរក្សាផ្លូវសាធារណ: ជាពិសេសត្រូវចូលរួម សហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមបច្ចេកទេសសាងសង់ផ្លូវបេតុងដែលមានប្រវែងជាង១០គីឡូម៉ែត្រ ពីឃុំចំណាក្រោម ទៅឃុំចំណាលើ ដែលកំពុងតែចាប់ផ្ដើមដំណើរការសាងសង់ដើម្បីឲ្យបានផ្លូវធំទូលាយ និងប្រកបដោយគុណភាព ដែលអាចប្រើប្រាស់បានយូរអង្វែង កុំរំលោភដីចំណីផ្លូវ។

គួរបញ្ជាក់ផងដែរថា ប័ណ្ណសមធម៌ដែលគណៈអធិបតីចែកជូននៅក្នុងឱកាសនេះមានចំនួន៣១៤ប័ណ្ណ ក្នុងនោះក្រីក្រ១ចំនួន១១៧ប័ណ្ណ ក្រីក្រ២ចំនួន១៦១ប័ណ្ណ និងគ្រួសាររងហានិភ័យចំនួន៣៦ប័ណ្ណផងដែរ។ អត្ថបទលោក ឆុនឆេងក្រឹម