ឯកឧត្តម ឃឹង នុភាព អញ្ជើញជាអធិបតីក្នុងពិធីទិវាជាតិនៃការចងចាំ២០ ឧសភា នៅវត្តបរិវេណវត្តសិរីមង្គល(ហៅវត្តកំពង់ជ្វា) ក្នុងឃុំគោល

0

(កំពង់ធំ)៖ ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ឯកឧត្តម ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចព្រះសង្ឃរាជ្យ បួរ គ្រី មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤បានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវានៃការចងចាំ នៅបរិវេណវត្តសិរីមង្គល(ហៅវត្តកំពង់ជ្វា) ស្ថិតក្នុងភូមិកំពង់ជ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ឯកឧត្តម ឃឹង នុភាព បានលើកឡើងថាទិវាជាតិនៃការចងចាំ ២០ ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូប បានចងចាំនិងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ការប្រារព្ធ «ទិវាជាតិនៃការចងចាំ» នេះឡើងដើម្បីរំលឹកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុជីវិត និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារ ព្រៃផ្សៃ សាហាវយង់ឃ្នង ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍នេះ។

ឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានបញ្ជាក់ថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃដែលពួកខ្មែរក្រហមបានប្រកាសជាចំហនូវគោលនយោបាយដឹកនាំប្រទេសមហាអស្ចារ្យ មហាលោតផ្លោះដ៍ឆ្កួតលីលារបស់ពួកគេ ក្នុងនោះមានការជម្លៀសប្រជាជនចេញពីទីក្រុង ការលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី  លុបបំបាត់ចោលរូបិយប័ណ្ណ លុបបំបាត់សាសនា បង្កើតសហករ ធ្វើការរួម-ហូបរួមគ្នានៅទូទាំងប្រទេសជាដើម។ ជាងនេះគោលនយោបាយនៃរបបអាវខ្មៅនេះ បានចាប់ផ្ដើមសម្លាប់រង្គាល ប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង យ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។  ចាប់ពីថ្ងៃដែលពួកគេបានឡើងគ្រប់គ្រងប្រទេសពីថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩  បានបង្ករជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាដ៍ខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក ធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន ពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានរំលឹកឡើងទៀតថា សមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលលោកខំក សាងតាំងពីបាតដៃទទេ មានសមិទ្ធផលថ្មីមួយទៀតដែល រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងចាប់ផ្តើមធ្វើឆាប់ៗនេះគឺ ព្រែកជីកហ្វូណនតេជោ។ ក្រោយពេលដែលគម្រោងនេះសម្រេច កម្ពុជាពិតជាអាចទទួលនូវអត្ថប្រយោជន៍ជាច្រើនមហាសាលដូចជាការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃ នៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ និងការចិញ្ចឹមសត្វជាដើម។ សូមគាំទ្រគម្រោងព្រែកជីកហ្វូណន តេជោ និងសូមអំពាវនាវឱ្យបងប្អូនយល់ឱ្យបានច្បាស់អំពីអត្ថប្រយោជន៍របស់គម្រោងនេះ និងផ្តល់ការគាំទ្រទាំងអស់គ្នា

ឯកឧត្តម ឃឹង នុភាព បានសង្កត់ធ្ងន់ថា សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថេរភាព របស់រាជរដ្ឋាភិបាលដែលមានសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្លាតវៃ  ដែលយើងទទួលបានដោយលំបាកនេះ ឱ្យបានគង់វង្សជារៀងរហូត និងនាំគ្នាទប់ស្កាត់កុំឱ្យសង្រ្គាម និងរបបប្រល័យពូជសាសន៍វិលមកសារជាថ្មី ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពសម្បូរសប្បាយរុងរឿងជាងនេះថែមទៀត។ អត្ថបទលោក ធូ កែវមុន្នី