(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោកស្រី ចាន់ សុផល ប្រធានអង្គការទស្សនៈពិភពលោកកម្ពុជាប្រចាំស្រុកស្ទោង ព្រមទាំងសហការីបានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យក្នុងពេលដែលជួបគ្រោះធម្មជាតិរាំងស្ងួតកាលពីពេលថ្មីៗកន្លងទៅនេះ នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនេះដែរលោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរមូលដ្ឋានជាពិសេសលោកមេភូមិ លោកមេឃុំ ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យជាពិសេសនៅក្នុងពេលដែលមានជួបគ្រោះធម្មជាតិផ្សេងៗដូចជាគ្រោះរាំងស្ងួតឬគ្រោះទឹកជំនន់ជាដើម។
ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវរួមសហការគ្នាក្នុងការទប់ស្កាត់បទល្មើសនេសាទនិងត្រូវចូលរួមគ្នាថែមទៀតក្នុងការ ថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ មច្ឆជាតិ និងព្រៃលិចទឹកនៅតំបន់បី ដែលជាជម្រកត្រីពង ជាគម្របធម្មជាតិ និងជាប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំអង្គការទស្សនៈពិភពលោកកម្ពុជាស្រុកស្ទោងដែលតែងតែសហការឧបត្ថម្ភគាំទ្រសព្វបែបយ៉ាង ដល់រដ្ឋបាលស្រុកក្នុងការធ្វើកិច្ចការមនុស្សធម៌ក៏ដូចជាអភិវឌ្ឍន៍ស្រុកស្ទោងស្ទើរតែគ្រប់វិស័យ។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ដែលទទួលអំណោយនៅពេលនេះមានចំនួន១០០គ្រួសារ ដែលមួយគ្រួសារៗទទួលបាននូវ÷ អង្ករ១បេ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងទឹកសុទ្ឋ២ប៊ីដុងស្មើនឹង៤០លីត្រ និងជាអំណោយរបស់អង្គការទស្សនពិភពលោកកម្ពុជាប្រប្រចាំស្រុកស្ទោង។ អត្ថបទលោក ឆុន ឆេងក្រឹម