ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ និងរន្ទះបាញ់សរុបចំនួន១៥គ្រួសារ ទទួលអំណោយមនុស្សធម៌ពី សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

0

សៀមរាប៖ នៅសាលាឃុំក្លាំងហាយ នាព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូន បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងឃុំក្លាំងហាយ និងឃុំប្រិយ៍ ស្រុកស្រីស្នំ សរុបចំនួន ១៥គ្រួសារ (ក្នុងនោះ រលំផ្ទះចំនួន ១ខ្នង និងរបើកដំបូលចំនួន ១៣ខ្នង និងរន្ទះបាញ់ស្លាប់ ១នាក់ ) ដែលបានទទួលរងគ្រោះកាលពីរសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា បានចូលរួមសោកស្ដាយ ចំពោះបង ប្អូន ពូមីង ដែលទទួលនវការរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៤ ដែលបានបណ្ដលឱ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ។ ក្នុងឱកាសនេះដែរ ឯកឧត្ដម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលលោកជាប់ភារកិច្ចមិនអាចមកផ្ទាល់ពេលនេះបាន តែជានិច្ចកាលលោកបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមការងារ ដើម្បីចុះពិនិត្យជាបន្តបន្ទាប់ និងរៀបចំអំណោយមនុស្សធម៌ជូនបងប្អូន នាពេលនេះ។

ឯកឧត្តមបានបន្តថា អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ ឯកឧត្តមក៏បានផ្ដាំផ្ញើ បង ប្អូន ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាមកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញសភាពមិនស្រួលត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។

អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង១គ្រួសារមាន៖
– គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស័ង្កសី១៦សន្លឹក និងថវិកា១៥ម៉ឺនរៀល។
– គ្រួសាររបើកដំបូល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស័ង្កសី១០សន្លឹក និងថវិកា៨ម៉ឺនរៀល
– គ្រួសារសព៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម និងថវិកា៤០ម៉ឺនរៀល