(កំពង់ធំ)÷ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុច ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដឹកនាំដោយលោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងអនុជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ ព្រមទាំងសហការីមាន ខណ្ឌ ផ្នែកសង្កាត់ជលផល កម្លាំងតំបន់សឹង កងរាជអាវុធហត្ថ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុច ចុងជ្រោយព្រែកតាសោមធំ ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកវរសេនីយ៍ឯក សោម សុភាវុធ ដឹកនាំកម្លាំងចម្រុះបានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប ទទួលបានលទ្ធផល គឺបង្កសំណុំរឿងបានចំនួន០១ករណី ធ្វើនេសាទដោយឧបករណ៍ហាមឃាត់ បានចុះរុះរើកាប់បំផ្លាញចោលឧបកណ៍នេសាទខុសច្បាប់នៅនិងកន្លែងរួមមាន របាំងស្បៃមុងចំនួន១៧របាំង ប្រវែង១៥០០ ម៉ែត្រ ឡុកចំនួន៣៤គ្រឿង លប/លូចំនួន៣៤មាត់ បង្គោង ចំនួន៨០០ដើម ចាក់លែងត្រីស្រស់ទម្ងន់២០គីឡូក្រាម ចូលទន្លេវិញ ។
គួរបញ្ជាក់ផងដែរថា កម្លាំងចម្រុះបានធ្វើការផ្សព្វផ្សាយដល់ប្រជានេសាទ ក្នុងរដូវបិទនេសាទ ដែលត្រូវច្បាប់ស្តីពីជលផលហាមឃាត់ការនេសាទគ្រប់ប្រភេទ ដើម្បីការពារពូជត្រីឱ្យបានច្រើន កុំឱ្យផុតពូជផងដែរ។ ក្នុងនោះការប្រើប្រាស់កម្លាំងសរុបចំនួន១៥នាក់ ប្រើប្រាស់ មធ្យោបាយដោយការណូតចំនួន០៥គ្រឿង អស់ប្រេងចំនួន៧៥លីត្រ។ អត្ថបទលោកវរសេនីយ៍ឯក សោម សុភាវុធ