សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម បានស្រាវជ្រាវមុខសញ្ញាក្មេងទំនើង បង្ហោះម៉ូតូតាមទីសាធារណៈ ៤នាក់ធ្វើការអប់រំ

0

កំពង់ចាម:​ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែមិថុនាឆ្នាំ ២០២៤ នេះ បានស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនក្មេងទំនើងពីរនាក់ ដែលបានបង្ហោះម៉ូតូ តាមទីសាធារណៈ ក្នុងក្រុងកំពង់ចាម កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ។
មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចបានទទួលបានព័ត៌មានតាមរយ:បណ្ដាញសង្គម អំពីករណីក្មេងមួយក្រុម មានគ្នា ៣នាក់ បានជិះម៉ូតូបង្ហោះអាណាធិបតេយ្យនៅតាមទីសាធារណៈ ក្នុងក្រុងកំពង់ចាម ដោយបញ្ចេញកាយវិការរាំយ៉ាងសប្បាយ លើម៉ូតូ គ្មានភ័យខ្លាចអំពីគ្រោះថ្នាក់ឡើយ ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាឲ្យមន្ត្រីក្រោមឱវាទ ធ្វើការស្រាវជ្រាវមុខសញ្ញាក្មេងទាំង ៣ នោះភ្លាម រហូតធ្វើការកំណត់មុខសញ្ញាបានដូចខាងក្រោម ១.ឈ្មោះ វណ្ណ ឬទ្ធីវង្ស ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស
២.ឈ្មោះ នុន ទី ភេទប្រុស អាយុ៩ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិបឹងកុក២ សង្កាបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
៣.ឈ្មោះ សែ សុវង្ស ភេទប្រុស អាយុប្រហែល ១៥ឆ្នាំ បានគេចខ្លួន ។
សមត្ថកិច្ចឲ្យដឹងទៀតថា លុះដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ទើបសមត្ថកិច្ច បានឃាត់ និងនាំខ្លួនមុខសញ្ញា ២នាក់ មានឈ្មោះ វណ្ណ ឬទ្ធីវង្ស និងឈ្មោះ នុន ទី មកធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ។
ក្រោយការសាកសួរក្មេងទាំង២ បានសារភាពថា ខ្លួនពិតជាបង្ហោះម៉ូតូ ដូចការបង្ហោះតាម facebook ពិតប្រាកដមែន ។
ប៉ុន្តែយ៉ាងណាក៏ដោយ ករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការអប់រំ និងបានប្រគល់ឲ្យអាណាព្យាបាលធានាយកទៅអប់រំបន្ត ។
ចំពោះ​ឈ្មោះ សែ សុវង្ស ដែលជាអ្នកបើកបរ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកមកធ្វើការអប់រំ និងចុះក្នុងបញ្ជីគ្រប់គ្រងក្មេងទំនើងបន្តទៀត ។

ដោយឡែក​ករណី​ទី​២​ សមត្ថកិច្ចនគរបាលស្រុកកំពង់សៀម នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ បានបង្ក្រាបករណីក្មេងស្ទាវចំនួន ០២នាក់ ដែលបានធ្វើការបង្ហោះម៉ូតូ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

១ ឈ្មោះ ភី មករា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ សណ្តាន់ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
២ ឈ្មោះ អាត ភារុន ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្នុងការស្ដាប់ចម្លើយ ក្មេងទាំងពីរនាក់នោះបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៥និង ២០នាទី ពិតប្រាកដមែន។
មន្ត្រីដដែលបានបញ្ជាក់ថា ករណីខាងលើនេះ លោកឩត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពី លោកប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម ឲ្យធ្វើកិច្ចសន្យាអប់រំណែនាំក្មេងទាំង ០២ នាក់ នេះ នៅចំពោះមុខអាណាព្យាបាល ហើយប្រគល់ជូនអាណាព្យាបាលយកទៅធ្វើការអប់រំបន្តផងដែរ​ ៕