កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ឱ្យខិតខំបំពេញភារកិច្ច លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីឈានទៅប្រកាសខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល នៅចុងខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ ។ ការជំរុញបែបនេះក្នុងកិច្ចប្រជុំ ស្ដីពីការជំរុញបញ្ចប់ស្ថានភាព ការបន្ទោរបង់ពាលវាលពាសកាល នៃក្រុង ស្រុក ទាំង១០ ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា មកដល់ពេលនេះ គឺយើងរួមគ្នាតាំងចិត្តត្រូវធ្វើ ការងារខាងលើនេះឱ្យបានបញ្ចប់ក្នុងខែ មិថុនា នេះ និងដើម្បីឈានទៅប្រកាសខេត្តកំពង់ចាម ជាខេត្ត បញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល (ODF) នៅចុងខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ។
ឯកឧត្តមអភិបាលខេត្ត បានរំលឹកដល់មន្ត្រីមន្ទីរអង្គភាពជំនាញ ឱ្យពិនិត្យមើល នូវបញ្ហា ដែលនៅសេសសល់ ហើយត្រូវតាំងចិត្តធ្វើឱ្យបាន ដើម្បីសម្រេចដល់គោលដៅ ។ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានយកឱកាសនោះថ្លែងអំណរគុណ ដល់មន្ត្រីនៅមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ដែលបានរួមគ្នាក្នុងការចុះទៅតម្រង់ទិសដល់អាជ្ញាធរមូលដ្ឋាន នៃក្រុង ស្រុក ទាំង១០ ក្នុងរយៈពេលមួយខែកន្លងមកនេះ ។បើតាមលោក អ៉ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានឱ្យដឹងថា ខេត្តកំពង់ចាមបច្ចុប្បន្នអត្រាខ្នងផ្ទះមានបង្គន់អនាម័យមានចំនួន ៨៩,៧៦% ខ្នងផ្ទះប្រើប្រាស់រួមមានចំនួន ៤.៦៦% សរុបខ្នងផ្ទះបានប្រើប្រាស់បង្គន់សរុបទូទាំងខេត្ត មានចំនួន ៩៤.៤២% ។ចំពោះភូមិដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ចំនួន ៤២៧ ភូមិ ស្មើនឹង ៤៥.១៣% មានឃុំ និងសង្កាត់ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ចំនួន ៣៣ឃុំ និង៤សង្កាត់ ស្មើនឹង ៣៣.៩០% ៕