ខេត្តព្រះវិហារ៖ អភិបាលរងខេត្តព្រះវិហារ លោក មិន ស៊ីថា តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ត្រីខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី អាជ្ញាធរស្រុកគូលែន និងមន្ត្រីថ្នាក់មូលដ្ឋាន នាំយកអំណោយ រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនតាមរយៈ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះវិហារ ផ្តល់ជូនប្រជាពលរដ្ឋ ៤០០គ្រួសារ ដែលកំពុងប្រឈមនឹងការខ្វះខាតផ្នែកជីវភាព ។ ពិធីចែកអំណោយនោះ បានធ្វើឡើងនាថ្ងៃទី៥មិថុនា២០២៤នេះ នៅក្នុងបរិវេណសាលាស្រុកគូលែន ខេត្តព្រះវិហារ។
អំណោយដែលប្រជាពលរដ្ឋទាំង ៤០០គ្រួសារ ក្នុង១គ្រួសារៗ ដែលត្រូវទទួលបាននាពេលនោះ រួមមាន៖ អង្ករ ត្រីខកំប៉ុង ទឹកបរិសុទ្ធ ប្រេងឆា និងសាប៊ូ ផងដែរ។
អភិបាលរងខេត្តព្រះវិហារ លោក មិន ស៊ីថា បានថ្លែង ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុកពីសំណាក់អភិបាលខេត្ត ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចធិបតី តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនជានិច្ច ដោយមិនប្រាកាន់និន្នាការនយោបាយណាមួយឡើយ។
អភិបាលរងខេត្តព្រះវិហារ លោក មិន ស៊ីថា បានថ្លែង ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យខិតខំថែរក្សាសុខភាពឱ្យបានល្អ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ ភ្លៀង ផ្គរ រន្ទះ ខ្យល់កន្រ្ទាក់ ជាពិសេសក្មេងតូចៗ និងឧបទ្ទវហេតុនានា អាចធ្វើឱ្យងាយមានជំងឺឈឺដង្កាត់ផ្សេងៗទៀត ព្រោះត្បិតរដូវនេះ ជារដូវវស្សាដែលមានភ្លៀងធ្លាក់ជោគជាំ ៕ដោយ៖ឡុង សំបូរ