ខេត្តព្រះវិហារ៖ ការថ្លែង ដាស់តឿន ណែនាំរបស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានធ្វើឡើងនៅថ្ងៃទី៤មិថុនា២០២៤ ក្នុងគ្រាដែលលោកឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសមុខតំណែង និងតម្លើងឋានន្តរសក្តិដល់យោធិន នៃកងរាជអាវុធហត្ថខេត្ត ៤៤រូប ដែលមានការចូលរួមពី លោក-លោកស្រី ដែលជាមេបញ្ជាការរង នាយ-នាយសេនាធិការង ប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការអាវុធហត្ថក្រុង-ស្រុកទាំង៨ សរុប ៧២រូប ផងដែរ។ ពិធីនេះបានធ្វើឡើង នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ។
យោងតាមសេចក្តីសម្រេច យោធិននៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ទាំង៤៤រូប ក្នុងនោះ ៤រូប ត្រូវទទួលបានការតម្លើងឋានន្តរសក្តិ និង ៤០រូបទៀត ទទួលបានការប្រកាស និងតែងតាំងមុខតំណែងថ្មី នៅក្នុងអង្គភាពកងរាជអាវុធហត្ថមូលដ្ឋាននីមួយៗ ចំណុះទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានសម្តែង នូវការកោតសរសើរ និងសោមនស្សយ៉ាងក្រៃលែង ជាមួយនឹងការអបអរសាទរ ក្នុងគ្រាដែល ប្រមុខរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ បានផ្តល់ទំនុកចិត្តតម្លើងឋានន្តរសក្តិ និងផ្លាស់ប្តូរ តែងតាំងមុខតំណែង ជូនយោធិននៃកងរាជអាវុធហត្ថខេត្ត ៤៤រូប ដែលនេះ គឺជាការឆ្លើយតបយ៉ាងស័ក្តិសមបំផុតរបស់ថ្នាក់ដឹកនាំប្រទេស ក៏ដូចក្រសួងការពារជាតិកម្ពុជា ដែលយោធិនទាំងអស់បានខិតខំបម្រើជាតិ និងប្រជាជននាពេលកន្លងមក។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានដាស់តឿនដល់យោធិននៃកងរាជអាវុធហត្ថខេត្តទាំងអស់ ជាពិសេសយោធិនដែលទើបទទួលបានការតែងតាំងមុខតំណែង និងតម្លើងឋានន្តរសក្តិថ្មីទាំង៤៤រូប មិនត្រូវយកអំណាចមុខតំណែង និងតួនាទីទាំងនេះ ទៅប្រព្រឹត្តខុសពីភារកិច្ចរបស់ខ្លួនដែលត្រូវអនុវត្តជាដាច់ខាត និងត្រូវយកតួនាទីទាំងនេះ ទៅបម្រើឱ្យឆន្ទះប្រជាពលរដ្ឋ តាមរយៈការពង្រឹងសីលធម៌ ការគោរពវិន័យកងទ័ព ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូនអាជ្ញាធរខេត្ត ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ឱ្យបានម៉ឹងម៉ាត់បំផុត និងល្អប្រសើរជាងនេះថែមទៀត៕ដោយ៖ឡុង សំបូរ