ឯកឧត្តម ជាម ច័ន្ទសោភ័ណ ស្នើឲ្យក្រុមគយចល័ត ដែលចុះប្រតិបត្តិការក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ ចូលរួមសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ

0

ត្បូងឃ្មុំ:​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានស្នើឲ្យ ក្រុមគយចល័ត ដែលចុះប្រតិបត្តិការក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ សូមរាយការណ៍ចូលរួមសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ពិសេសក្នុងនាមឯកឧត្តម ជាអភិបាលខេត្ត ដើម្បីបានទទួលព័ត៌មាន ក្តាប់ព័ត៌មាន អាចគ្រប់គ្រងស្ថានការ មានចំណាត់ការបានទាន់ពេលវេលា និងរាយការណ៍បន្តទៅថ្នាក់ជាតិ។ ឯកឧត្តម បានថ្លែងសង្កត់ធ្ងន់បែបនេះក្នុងឳកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤​ ។

ក្នុងកិច្ចប្រជុំនេះដែរ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​ បានក្រើនរំលឹក នូវប្រសាសន៍សម្តេចធិបតី នាយករដ្ឋមន្ត្រី <<សំអាតផ្ទះយើង>> ដោយស្នើរឲ្យទាំងអស់គ្នា ត្រូវតែចង់ចាំ និងដក់ជាប់ក្នុងក្រអៅបេះដូង ដូច្នេះគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា ដោយប្រើប្រាស់កម្លាំងសរុប វិធានការសរុប ទើបទទួលបានជោគជ័យ លើការងារនេះ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបន្តក្រើនរំលឹកសាជាថ្មី ពាក់ព័ន្ធករណី ល្បែងស៊ីសងខុសច្បាប់ ល្បែងជល់មាន់ ការទន្ទ្រានដីព្រៃលិច និងបទល្មើសនានា ជាពិសេសបញ្ហាគ្រឿងញៀន ដាច់ខាតត្រូវបង្ក្រាបទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ និងរក្សាសភាពការណ៍ទូទៅទូទាំងខេត្តត្បូងឃ្មុំ ដើម្បីធានាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ។ជាពិសេសក្មេងទំនើង ដាក់ទោសស្រាលឬក៏ឲ្យធ្ងន់ ទៅតាមអ្វីដែលពួកគាត់បានប្រព្រឹត្តិ ដាច់ខាតមិនមានការលើកលែងនោះឡើយ។

ឯកឧត្តម អភិបាលខេត្ត បានស្នើ៣ចំនុចបន្ថែមជាពិសេស សម្រាប់អនុវត្តន៍:
១.យកចិត្តទុកដាក់ បង្កើនជីវភាពពលរដ្ឋ
២.សំណើរសំណូមពរផ្សេងៗពីពលរដ្ឋ
៣.ដោះស្រាយបញ្ហាជំលោះក្រៅប្រព័ន្ធតុលាការឲ្យបានកាន់តែច្រើនឡើង ជាក់ស្តែងក្នុងឆ្នាំ២០២៣ បានដោះស្រាយជាង២០០ករណី ដែលជាចំនុចយើងធ្វើបានល្អណាស់ និងសូមបន្តទៀត ចំពោះការប្រើប្រាស់យុទ្ធសាស្ត្រឈ្នះៗនេះ។

ជាមួយគ្នានោះ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានកោតសរសើរដល់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសអាជ្ញាធរស្រុក និងកងកម្លាំងចម្រុះ ដែលបានបោះទីតាំង និងចុះល្បាតនៅតំបន់ព្រៃលិចទឹកក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ដោយបន្ទាប់ពីដាក់វិធានការក្តៅ បានធ្វើឲ្យតំបន់នេះ លែងមានការលួចចូលឈូសឆាយទន្ទ្រានខុសច្បាប់បន្តទៀត នេះជាលទ្ធផលនៃការអនុវត្តន៍រួមគ្នា។ បើទោះបីដូច្នេះក្តី ក៏ស្នើឲ្យបន្តលើកិច្ចការងារនេះបន្ថែមទៀត ដើម្បីថែរក្សាតំបន់នេះ ជាសម្បត្តិរបស់រដ្ឋ និងផលប្រយោជន៍សម្រាប់ពលរដ្ឋ​ផងដែរ​ ៕