ខេត្តស្ទឹងត្រែង៖ កម្លាំងឧទ្យានុរក្សការពារតំបន់រ៉ាមសារ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សហការជាមួយ ប្រជាសហគមន៍នេសាទ បានរួមគ្នាចុះល្បាត ដើម្បីការពារធនធានធម្មជាតិ និងជលផល នៅតាមដងទន្លេមេគង្គ ក៏បានប្រទះឃើញអ្នកបើកទូក ១គ្រឿង ដែលគួរឱ្យសង្ស័យ ហើយក៏បានប្រដេញតាមពីក្រោយ រហូតទូកបុកច្រាំង ម្ចាស់ទូកបានរត់គេចខ្លួន តែបានបន្សល់ទុកនូវវត្ថុតាងទូក ១គ្រឿង និងវត្ថុសង្ស័យជាសារធាតុញៀន ដែលគេច្រកក្នុងការ៉ុងចំនួនពីរ មានចំនួនជាច្រើនដុំ និងជាច្រើនគីឡូក្រាម។
នៅក្នុងហេតុការណ៍ដែលបានកើតឡើងនាវេលាម៉ោង ១ និង៣០នាទី រសៀល ថ្ងៃទី៦មិថុនា២០២៤ ស្ថិតនៅក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ នោះ កម្លាំងល្បាតទាំងពីរក្រុម ក៏បានរាយការណ៍ជូន អធិការនគរបាលស្រុកបុរីអូរស្វាយសែនជ័យ ចុះមកនាំយកវត្ថុតាងទាំងនោះ ទៅចាត់ចែងបន្តតាមនីតិវិធី។
ប្រធានការិយាល័យតំបន់រ៉ាមសារ លោក និន ពិសី បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នៅរសៀលថ្ងៃ៦មិថុនា២០២៤ លោក ភោគ និមល អនុប្រធានការិយាល័យតំបន់រ៉ាមសារ បានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្សម្នាក់ ដោយសហការជាមួយ កម្លាំងសហគមន៍នេសាទ ៣នាក់ ចុះល្បាតតាមដងទន្លេមេគង្គ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដែលស្ថិតនៅក្នុង ភូមិសាស្ត្រ នៃតំបន់រ៉ាមសារទាំងមូល ។
លោក និន ពិសី បានបន្ថែមទៀតថា នៅក្នុងសកម្មភាពនោះ កម្លាំងបានចុះល្បាតពីចំណុចប៊ុងក្រាក់ រហូតដល់ភូមិវើនសៀន កម្លាំងល្បាតក៏បានប្រទះឃើញ អ្នកបើកទូកមួយគ្រឿង និងដោយមានការសង្ស័យ កម្លាំងល្បាតក៏បានបើកទូកដេញតាមពីក្រោយ រហូតដល់ក្បាលកោះតាហឿង ស្ថិតក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខណៈនោះ ជនសង្ស័យបានបើកទូកបុកច្រាំង ហើយរត់គេចខ្លួនបាត់ តែបានបន្សល់ទុកនូវវត្ថុតាង ទូក១គ្រឿង ម៉ាស៊ីនម៉ាកTBC ១គ្រឿង និងការ៉ុងផ្ទុកនូវសារធាតុញៀនចំនួន ២ការ៉ុង ដោយការ៉ុង១ ចងមាត់បិទជិត និងការ៉ុងមួយទៀតមានរហែកម៉ាត់។
លោក និន ពិសី បានបញ្ជាក់ថា ដោយកម្លាំងល្បាតមានការសង្ស័យពីវត្ថុនៅក្នុងការ៉ុងនោះ ក្រុមឆ្មាំកម្លាំងល្បាត ក៏បានរាយការណ៍ជូន អធិការនគរបាលស្រុកបុរីអូរស្វាយសែនជ័យ និងបានធ្វើកំណត់ហេតុប្រគល់វត្ថុ ដែលសង្ស័យជាសារធាតុញៀនទាំងនោះ នាំយកទៅចាត់ការបន្តតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា កាលពីថ្ងទី២៥ឧសភា២០២៤ កន្លងទៅ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿង នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បង្ក្រាបអំពើរត់ពន្ធគ្រឿងញៀនឆ្លងដែនខុសច្បាប់ និងសមត្ថកិច្ចបានចាប់ខ្លួនឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ៤នាក់ ក្នុងនោះ ជនជាតិថៃ ៣នាក់ និងជនជាតិខ្មែរ ១នាក់។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតបានវត្ថុតាង ប្រភេទមេតំហ្វេតាមីន(ice)ចំនួន ២២៥ដុំ ស្មើនឹង ២២៥គីឡូក្រាម និង២៥៣ក្រាម, ប្រភេទកេតាមីនចំនួន ៣២ដុំ ស្មើនឹង ៣១គីឡូក្រាម និង៩២៣.២ក្រាម។ ថ្នាំញៀនដែលដកហូតបាន មានចំនួនសរុប ២៥៧ដុំ ស្នើ២៥៧គីឡូក្រាម និង១៧៦.២ក្រាម, រថយន្ត ៤គ្រឿង, គ្រាប់បែកដៃ ២គ្រាប់ , អេកូម ៣គ្រឿង ,ប្រាក់ជិត ១ម៉ឺនដុល្លារ និងលុយបាតជាង ១០ម៉ឺនបាត ថែមទៀតផង។ ប្រតិបត្តិការបង្ក្រាបបានធ្វើឡើង នៅចំណុចវាលព្រីង ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង៕ដោយ៖ឡុង សំបូរ