ឯកឧត្ដម អ៊ុន ចាន់ដា នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៨គ្រួសារ នៅស្រុកព្រៃឈរ

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤នេះ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ៨គ្រួសារ រស់នៅក្នុងភូមិតាលៃ ឃុំគរ ស្រុកព្រៃឈរ ហេតុការណ៍ខ្យល់កន្ត្រាក់នេះបានកេីតមានឡេីងកាលពីម៉ោង ៥, ៤៥នាទី ល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ បណ្ដាលឱ្យផ្ទះ ២ខ្នងរងការខូចខាត កម្រិតធ្ងន់ និងផ្ទះ ៦ខ្នងទៀត រងការខូចខាតកម្រិតស្រាល ប៉ុន្តែមិនបានប៉ះពាល់ដល់ជីវិតប្រជាពលរដ្ឋទេ ។

ឯកឧត្តម អ៊ុន ចាន់ដា បាននាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

ក្នុងឱកាសនោះដែរឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ជាមួយនោះ ត្រូវ ខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីស្តារជួសជុល ផ្ទះស្នាក់នៅឡើងវិញ ។

គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ៖
១- ពលរដ្ឋរងគ្រោះ កម្រិតធ្ងន់ទាំង ២គ្រួសារ ដែលមានជីវភាពខ្សត់ខ្សោយ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គក្រ មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ ឃីត ១សម្រាប់ និង ថវិកា ៤០០,០០០ រៀល ។
២- ពលរដ្ឋរងផលប៉ះពាល់កម្រិតស្រាល ៦គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ថវិកា ១០០,០០០ រៀល ៕