កំពង់ធំៈ ល្បែងកន្ទុយលេខ នៅក្នុងផ្សារកំពង់ធំ ត្រូវបានគេដាក់លក់បើកជាជំហរដូចផ្សារត្រី ទាំងផ្សាចាស់ និងផ្សារថ្មី តែពុំត្រូវបានបង្ក្រាបឬទប់ស្កាត់ល្បែស៊ីសងនេះឡើយ ជាហេតុធ្វើឲ្យមហាជនទូទៅ អស់សំណើច នូវការអនុវត្តន៍ច្បាប់របស់សមត្ថកិច្ច។
តាមប្រភពពត៌មានពីអ្នកញៀនល្បែងកន្ទុយលេខ បាននិយាយថា ពួកគេសប្បាយនឹងការចាក់ឆ្នោត ដោយសារតែសមត្ថកិច្ចទីនេះគេពុំសូវអើពើ គ្រាន់តែនិយាយព្រមព្រៀងគ្នាជាមួយសមត្ថកិច្ចគឺពុំមានបញ្ហានោះទេ ចង់លក់កន្ទុយលេខមួយថ្ងៃប៉ុន្មានដង ក៏ពុំមានអ្នកណាមកបង្ករបញ្ហានោះដែរ ជាពិសេស សូមឲ្យតែអ្នកលក់ កុំត្រូវរ៉ូវគ្នាជាមួយអ្នកទិញ។
តែទោះជាល្បែងកន្ទុយលេខមានភាពអាធិបតេយ្យបែបនេះក្តី ក៏ត្រូវបានស្ថាប័នតុលាការ ចុះបង្ក្រាបម្តងម្កាល ដើម្បីជាការព្រមានដល់សមត្ថកិច្ចពាក់ព័ន្ឋ និងអាជ្ញាធរ ដែលមានភាពធូររលុង និងពុំមានវិធានការបង្ក្រាប បទល្បែងស៊ីសងនេះ បណ្តែតបណ្តោយឲ្យមានការលក់កន្ទុយលេខដូចផ្សារត្រី ដោយពុំបានអនុវត្តន៍នូវ គោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ទាំង៩ចំណុច ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី ២២ខែ តុលា ឆ្នាំ ២០១៤ លោក ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំកំលាំងសម្ងាត់ អូសករ អ្នកលក់កន្ទុយលេខម្នាក់ក្នុងចំណោម ៨នាក់ ដែលជាប់ហាសនាម កញ្ញាឆ្នោតយួន ដែលកំពុងតែធ្វើសកម្មភាពលក់យ៉ាងរំភើយ ត្រូវបានឃាត់ខ្លួនយកមកតុលាការ ប៉ុន្តែអ្នកលក់ឆ្នោតមួយចំនួនទៀត ដែលមានទីតាំងនៅ ទី១ ទល់មុខកន្លែងលក់ផ្លែឈើ ដែលជាកន្លែងលក់របស់ ក្មេងលេង ទី២ នៅទល់មុខផ្លូវចូលសាលារៀន ទី៣ ទល់មុខកាកបាទក្រហមមានធុងទឹកផ្លែឈើគឺជាមេឆ្នោតដ៏ធំ ទី៤ ចែហ្វូតបន្លែផងលក់ឆ្នោតផង ទី៥ កន្លែងលក់ចេកជិតកន្លែងលក់សាច់ប៉ាតេទល់មុខសាលារៀន និងក្នុងផ្សា៣កន្លែងទៀត នៅក្នុងផ្សារ កំពុងតែលក់តាមទូរស័ព្ទដោយសម្ងាត់។
យោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ បានឲ្យកងកម្លាំង អាជ្ញាធរ ស្រុក ក្រុង ឃុំសង្កាត់ ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្ស ជួយគ្នាលុបបំបាត់ល្បែងស៊ីសងគ្រប់ ប្រភេទ ព្រមទាំងការជួញដូរគ្រឿងញៀន និងអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្តិភាព តែបែរជាខេត្តកំពង់ធំ បានក្លាយទៅជាទីប្រជុំជននៃគ្រឿងគ្រឿងញៀន និងមានការលក់កន្ទុយលេខយ៉ាងអនាធិបតេយ្យ ដោយមិនខ្វល់ពីបទបញ្ជានោះឡើយ ។
ពាក់ព័ន្ឋទៅនឹងការចោទប្រកាន់ថា សមត្ថកិច្ចប៉ុស្តិ៍កំពង់ធំ បណ្តែតបណ្តោយឲ្យមានការលក់កន្ទុយលេខ យ៉ាងគគ្រឹកគ្រេងនោះ មន្ត្រីប៉ុស្តិ៍ម្នាក់បាន អះអាងថា អ្នកលក់ឆ្នោតក្នុងផ្សារកំពង់ធំនេះ មានចំនួន៨កន្លែង ហើយលោកបានទទួលបញ្ជាពីលោក ស្នងការដើម្បីធ្វើការបង្ក្រាបហើយ តែពុំទាន់បានចុះបង្ក្រាបនោះទេ ដោយសារតែ បានហៅអ្នកលក់កន្ទុយលេខមកធ្វើកិច្ចសន្យាបញ្ឈប់ជាមុនសិន ករណីមិនមានការរាងចាល និងឃាត់ខ្លួននៅពេលមានបទល្មើស។ ដោយ ប៊ុន រដ្ឋា