ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តរតនគិរី ជំរុញក្រុមប្រឹង្សាខេត្ត និងគណៈអភិបាលខេត្ត ឱ្យពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងរបៀបរបបបំពេញការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ

0

ខេត្តរតនគិរី៖​ ប្រសាសន៍ជំរុញរបស់ លោកបណ្ឌិត​ ជៀង អំ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តរតនគិរី បានធ្វើឡើងក្នុងគ្រាដែលលោក បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី៤ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដែលមានការចូលរួមពីថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងទាំង៣ និង សមាជិក សមាជិកាក្រុមប្រឹក្សាខេត្តរតនគិរី ប្រមាណ ១០០នាក់។

អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានថ្លែងថា នៅក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ គណៈអភិបាលខេត្ត បានសហការល្អជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើន ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ទទួលបាននូវសូចនករមួយ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសចាត់វិធានការក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ និង លុបបំបាត់នូវរាល់សកម្មភាព អសកម្មមួយចំនួន ដើម្បីធានាសន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី ​ដែលទើបត្រូវបានតែងតាំងថ្មី នាអាណត្តិទី៤នេះ លោក ណាប់ ប៊ុនហេង បានឡើងប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីផលប្រយោជន៍ប្រជាជន និងគោរពច្បាប់ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ,ចូលរួមថែរក្សា ការពារអធិបតេយ្យភាព បូរណភាពទឹកដី ,អនុវត្តអោយបានតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ,ប្តេជ្ញាបំពេញភារកិច្ច ដោយអនុលោមតាមគោលការណ៍ លិខិតបទដ្ឋានពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ ,ប្តេជ្ញា ចូលរួមពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តរតនគិរី លោកបណ្ឌិត ជៀង អំ បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល សូមចូលរួមអបអរសាទរ កោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សា ខេត្តរតនគិរី ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តរតនគិរី ឲ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យថែមទៀត។

លោកបណ្ឌិត ជៀង អំ បានថ្លែង ជំរុញដល់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តរតនគិរី អោយខិតខំបម្រើផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយឈរលើស្មើភាព យុត្តិធម៌ មិនប្រកាន់ពូជសាសន៍ ឬ និន្នាការនយោបាយ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តី នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឱ្យសម្រេចគោលដៅមូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោកបណ្ឌិត ជៀង អំ​ បានបន្តជំរុញក្រុមប្រឹក្សាខេត្តរតនគិរី ត្រូវយកចិត្តទុកដាក់ ដឹកនាំ កសាង អភិវឌ្ឍន៍មូលដ្ឋានឱ្យបានរឹងមាំលើគ្រប់វិស័យ ជាពិសេសការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ ដោយសេចក្តីស្មោះត្រង់ជាទីបំផុត បន្តធ្វើវេទិការសាធារណៈ ក្តាប់ឱ្យបាននូវទុកកង្វល់ និងសំណូមពរ សំណើផ្សេងៗរបស់ប្រជាពលរដ្ឋ ហើយត្រូវធ្វើការឆ្លើយតបទៅវិញ ឱ្យបានទាន់ពេលវេលា តាមតួនាទី ភារកិច្ចរបស់ស្ថាប័ន នីមួយៗ ត្រូវយកចិត្តទុកដាក់ដោះស្រាយទំនាស់ផ្សេងក្រៅប្រព័ន្ធតុលាការ ពិសេស ទំនាស់ដីធ្លី ត្រូវយកចិត្តទុកដាក់ ការពារសម្បត្តិធនធានធម្មជាតិនានា និងការពារឱ្យបានល្អ នូវបរិស្ថានក្នុងខេត្ត ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យសំខាន់ៗនៅក្នុងខេត្ត ឱ្យមានការរីកចម្រើន ជាពិសេសវិស័យកសិកម្ម ដោយត្រូវជួយរកទីផ្សារជូនកសិករ ត្រូវធ្វើការគ្រប់គ្រង និងប្រើប្រាស់មន្ត្រីក្នុងខេត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាព ដោយយកចិត្តទុកដាក់ពិនិត្យឱ្យបានម៉ត់ចត់ ក្នុងការតែងតាំងមន្ត្រីដែលមានសមត្ថភាព និងមន្ត្រីដែលសកម្មនឹងការងារ ដោយអនុវត្ត នូវអភិក្រម ទាំង៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់ ៕ ដោយ៖ឡុង សំបូរ