លោកអភិបាលស្រុកកំពង់ស្វាយ បានណែនាំដល់ម្ចាស់ទុកដរ ត្រូវតែចម្លងសិស្សានុសិស្សពេលទៅសាលារៀន និងចេញពីសាលារៀនឱ្យមានសុវត្ថិភាព

0

(កំពង់ធំ)÷ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយនិងក្រុមការងារថ្នាក់ស្រុក បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ដែលសិស្សានុសិស្សធ្វើដំណើរលើទូកដរ មកសិក្សារៀនសូត្រជារៀងរាល់ថ្ងៃនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យពាមគ្រែង ស្ថិតនៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

តាមរបាយការណ៍លោក ឈុន ស្រីឈឿន នាយកអនុវិទ្យាល័យពាមគ្រែង បានបញ្ជាក់ថាសម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១០ មានសិស្សចំនួន ១០១នាក់ ស្រី ៣៧នាក់ ត្រូវបានឆ្លងទូកដរជាប្រចាំ ក្នុងថ្ងៃរៀនសូត្រ សម្រាប់១ពេលជិះឆ្លង២ដង ក្នុង១ដងមានចំនួន ៥០នាក់ សម្រាប់អាវពោងសុវត្ថិភាពមានតែ ៣៥ពោងតែប៉ុណ្ណោះ ពុំមានគ្រប់គ្រាន់ដល់សិស្សានុសិស្សសម្រាប់ពាក់ក្នុងការជិះទូកឆ្លងពីត្រើយម្ខាង ទៅត្រើយម្ខាងទៀតនោះឡើយ។

ជាមួយគ្នានេះផងដែរលោក អ៊ុត វណ្ណរ៉ា បានណែនាំដល់ម្ចាស់ទុកដរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នពីសុវត្ថិភាពទាំងឧបករណ៍ទូក និងម៉ាស៊ីនដែលចម្លងសិស្សានុសិស្សមកសិក្សារៀនសូត្រជារៀងរាល់ថ្ងៃ ត្រូវតែឱ្យអាវពោងសុវត្ថិភាពក្នុងការជិះទូកឆ្លងទៅមកប្រកបដោយសុវត្ថិភាពនិងមានការទទួលខុសត្រូវខ្ពស់ផងដែរ។ ចំពោះការឱ្យសិស្សជិះទូកដរទៅមក មិនឱ្យដាក់សិស្សានុសិស្សលើសចំណុះនោះឡើយ ត្រូវតែគិតពីចំនួនសិស្សានុសិស្ស និងឧបករណ៍ទូក ដើម្បីធានាសុវត្ថិភាពពីការលេចលង់ដែលកើតឡើងដោយយថាហេតុ។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានបញ្ជាក់បន្ថែមទៀត ទៅលើលោកគ្រូអ្នកគ្រូដែលបង្រៀនសិស្សានុសិស្ស និងឪពុកម្ដាយសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់និងតាមដានការធ្វើដំណើររបស់ពួកគាត់ឱ្យបានគ្រប់ពេលវេលា ដើម្បីជៀសវាងពីការគ្រោះថ្នាក់ដល់អាយុជីវិតសិស្សា នុសិស្សដែលកំពុងសិក្សារៀនសូត្រផងដែរ។ សូមសិស្សានុសិស្សទាំងអស់ ត្រូវតែស្ដាប់ការណែនាំរបស់លោកគ្រូអ្នកគ្រូ និងម្ចាស់ទូកដរ ត្រូវតែពាក់អាវពោងសុវត្ថិភាពជាប្រចាំ នៅពេលដែលឆ្លងទូកដរ ពេលទៅសាលារៀន និងចេញពីសាលារៀនឱ្យមានសុវត្ថិភាពចៀសវាង ពីការបាត់បង់ជីវិតដោយប្រការណាមួយ។ អត្ថបទលោក ធូ កែវមុនី