ពិធីប្រកាសលោក ប៊ុន ឈួន ឱ្យចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាស្រុកតាំងគោក អាណត្តិទី៤ 

0

(កំពង់ធំ)÷នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ចូលកាន់តំណែងក្រុមប្រឹក្សាស្រុកតាំងគោក អាណត្តិទី៤ នៅសាលាស្រុកតាំងគោក ខេត្តកំពង់ធំ។

      លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានរាយការណ៍ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងក្រោមការដឹកនាំរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍ ដោយបានដាក់ចេញនូវគោលនយោបាយ និងកំណែទម្រង់ផ្សេងៗឱ្យកាន់តែប្រសើរឡើង ទាំងផ្នែកធនធានមនុស្ស សន្តិសុខ សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌។ ប្រទេសជាតិមានភាពរីចម្រើន និងប្រែក្លាយទៅជាប្រទេស អភិវឌ្ឍក្នុងពេលខាងមុខ ដោយឡែកស្រុកតាំងគោក បានទទួលនូវអនុសាសន៍ និងការចង្អុលណែនាំរបស់ ឯកឧត្តមអភិបាលខេត្ត ជានិច្ចកាលឯកឧត្តមតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោះស្រាយ នូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ធ្វើឱ្យស្រុកមានការអភិវឌ្ឍលើគ្រប់វិស័យ, បន្តគាំទ្រ និងលើកកម្ពស់ សកម្មភាព ការងាររដ្ឋបាល ការងារមនុស្សធម៌ ការដោះស្រាយនូវសំណូមពរ ផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងស្រុកតាំងគោកទាំងមូល ។

ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណងរួមមាន៖ (១)ការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន។ (២)ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈ គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិ អំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរឱ្យទៅរដ្ឋបាលក្រោមជាតិ ក្នុងការផ្តល់សេវា សាធារណៈ និងសេវាសង្គមនានាតាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។(៣)លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយ ភាពក្រីក្រ និងលើកកម្ពស់គុណភាព នៃជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញនិងលើកទឹកចិត្តដល់ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកទាំងគោកទាំងអស់ ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់។ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍ នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា ពិធីប្រកាសសមាសភាពក្រុមប្រឹក្សាស្រុកអាណត្តិទី៤ ប្រធានក្រុមប្រឹក្សាស្រុកគឺ លោក ប៊ុន ឈួនត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សាស្រុកតាំងគោក ប្រធាន និងសមាជិកក្រុមក្រុមប្រឹក្សាស្រុកចំនួន១៩នាក់ ឱ្យចូលកាន់មុខតំណែងជាក្រុមប្រឹក្សាស្រុកតាំងគោក។ អត្ថបទលោក ធូ កែវមុន្នី