(កំពង់ធំ)៖ លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានថ្លែងថាប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សម្រាប់ការបណ្តុះបណ្តាលអំពីតួនាទីភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្ត កំពង់ធំ។
លោកមេឃុំ បានរំលឹកថាប្រជាការពារគឺជាកម្លាំងស្នូលនៅថ្នាក់មូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព រួមចំណែកក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ដោយសហការជាមួយកម្លាំងសមត្ថកិច្ច។ កម្លាំងនេះជាសេនាធិការយ៉ាងសំខាន់របស់ប៉ុស្តិ៍រដ្ឋបាលឃុំ ក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។ លោកបន្តថាឃុំ មានសុវត្ថិភាព ជាក្តីប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូប ដែលក្នុងរយៈពេលកន្លងទៅនេះ ប្រជាការពារបានបំពេញការងារយ៉ាងសកម្ម ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន។
ក្នុងឱកាសនោះលោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំ បានថ្លែងការអំណអរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាការពារដែលបានខិតខំប្រឹងប្រែងបំពេញការងារដោយមិនថាក្តៅ ឬមានភ្លៀងឡើយ សំដៅធ្វើយ៉ាងណារក្សាឲ្យបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយនៅពេលមានបញ្ហាអ្វីមួយកើតឡើងបងប្អូនប្រជាការពារ ជាកម្លាំងជួរមុខ ក្នុងការទប់ស្កាត់នៅព្រឹត្តិការណ៍ទាំងនោះ។ ជាក់ស្ដែង កន្លងមកនេះ បងប្អូនប្រជាការពារបានលះបង់កម្លាំងកាយចិត្ត ក្នុងការរក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ ធ្នាប់ជូនប្រជាពលរដ្ឋរហូតដល់ ត្រូវក្រុមអគតិមួយចំនួនប្រើអំពើហិង្សាវាយបណ្ដាលឲ្យរងរបួសធ្ងន់និងស្រាល នេះជារឿងមួយដែលតម្រូវឲ្យបងប្អូនប្រជាការពារមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកិច្ចការងាររបស់ខ្លួន។
លោកស្រី នួន គំនិត អធិការរងនគរបាលស្រុកប្រាសាទបល្ល័ង្ក បានមានប្រសាសន៍បញ្ជាក់ថា ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយបានសហការយ៉ាងល្អជាមួយនឹងកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទដែលមាននគរបាល និងកងរាជអាវុធហត្ថ។ ពួកគាត់គឺជាកម្លាំងស្នូលដែលពីដើម្បីឡើយពោលគឺ ក្រោយឆ្នាំ១៩៧៩ ប្រជាការពារភូមិ គឺជាកម្លាំងស្ម័គ្រចិត្តដែលមិនយកប្រាក់ខែនោះទេ។
សូមបញ្ជាក់ថា ប្រជាការពារទូទាំងឃុំសាលាវិស័យមានចំនួន២១០នាក់ ហើយនៅក្នុងពេលខាងមុខនេះ ប្រជាកាពារទាំងអស់ នឹងត្រូវបានការបណ្តុះបណ្តាល អំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ប្រជាការពារជាបន្ដបន្ទាប់៕ អត្ថបទលោក ឆាត វ៉ិត